(ស្វាយរៀង)៖ សមាជិក សមាជិកាបក្សភ្លើងទៀននៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន៣រូបទៀត បានប្រកាសសុំចូលរួមជីវភាពជាមួយគណបក្សប្រជា​ជន​​កម្ពុជា។

សមាជិក សមាជិកាគណបក្សភ្លើងទៀន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណ​បក្ស​ប្រជា​ជនកម្ពុជានេះរួមមាន៖ លោក មាស ចាន់រ៉ា, លោកស្រី ម៉ម គន្ធា និងលោក ហេង នីន។

សមាជិក សមាជិកាគណបក្សភ្លើងទៀនទាំង៣រូប បានចូលរួមធ្វើសកម្មភាពនយោបាយ​ជាមួយបក្សប្រឆាំងច្រើនឆ្នាំមកហើយ ពោលតាំងពីជាមួយអតីតគណបក្សសង្គ្រោះជាតិ​មកម្ល៉េះ។

ដោយអស់ជំនឿចិត្តនឹងការដឹកនាំរបស់បក្សប្រឆាំង ដែលដឹកនាំប្រកាន់បក្ខពួកនិយម មានអំពើពុករលួយ និងបែកបាក់សាមគ្គីជាដើមនោះ ទើបធ្វើអ្នកស្ម័គ្រស្មោះបក្សប្រឆាំងទាំង៣រូបនេះ សម្រេចចិត្តដើរចេញពីបក្សប្រឆាំង។ មូលហេតុចម្បងមួយទៀត នាំឱ្យពួកគេចាកចេញពីបក្សប្រឆាំង បន្ទាប់ពីទណ្ឌិត សម រង្ស៉ី ប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងពោរពេញដោយឧត្តមប្រយោជន៍សម្រាប់ខ្មែរ។

ទន្ទឹមនឹងការប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាបក្សប្រឆាំងទាំង៣រូប បានប្រកាសស្ម័គ្រស្មោះជាមួយបក្សប្រជាជនកម្ពុជា ហើយប្រឹងប្រឹងធ្វើសកម្មភាពដើម្បីបម្រើបក្ស៕