(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រកួតប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុន លើកទី២៦ ក្នុងបរិវេណនៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីប្រកួតប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុននេះ មានការចូលរួមជាអធិបតីពី លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោកស្រីសាស្ត្រាចារ្យបណ្ឌិត អ៊ុំ រាវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយមានការចូលរួមពី គណៈអធិបតី និងសិស្សនិស្សិតជាអ្នកចូលរួមប្រកួតប្រជែងផងដែរ។

កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យអ្នកសិក្សាភាសាជប៉ុននៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីសមត្ថភាពជំនាញភាសាជប៉ុន ក្នុងការសរសេរជាសុន្ទរកថាខ្លីៗ ហើយក៏ជាកម្មវិធីមួយបង្កើតឡើង ដើម្បីចូលរួមអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបន្តរឹតចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

នាឱកាសនេះ លោកបណ្ឌិត ឃឹម លាង បានលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ បន្តនូវការខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀតទាំងវិជ្ជាជីវៈ ឬមុខជំនាញ និងភាសាបរទេស ជាពិសេសភាសាជប៉ុន ដោយសារកំណើននៃតម្រូវការធនធានអ្នកចេះភាសាជប៉ុនរបស់ក្រុមហ៊ុនជប៉ុន នៅតែមានតម្រូវការកើនឡើងជារៀងរាល់ឆ្នាំ ខណៈពួកគេជាទំពាំងស្នងឫស្សី ដែលត្រូវត្រៀមខ្លួនចូលរួមអភិវឌ្ឍប្រទេសជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន នាពេលបច្ចុប្បន្នក៏ដូចជាអនាគតផងដែរ។

ប្រធានមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ (JFPP) លោក Isogaya Hiroyuki បានលើកឡើងថា នៅក្នុងការប្រកួតឆ្នាំនេះ ការិយាល័យនឹងជ្រើសរើសបេក្ខជនជយលាភី ១នាក់ ដើម្បីតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងវិធី «ដំណើរទស្សនកិច្ចសិក្សាទៅប្រទេសជប៉ុន សម្រាប់អ្នកសិក្សាភាសាជប៉ុន» របស់មូលនិធិជប៉ុន។

លោកបានបន្ថែមថា កម្មវិធីនេះនឹងធ្វើការអញ្ជើញអ្នកសិក្សាភាសាជប៉ុនឆ្នើមៗ ពីគ្រប់បណ្ដាលប្រទេសទៅមជ្ឈមណ្ឌលមូលនិធិជប៉ុននៅតំបន់ Kansai នៃប្រទេសជប៉ុន ដែលមានទីតាំងនៅទីក្រុងអូសាកា ក្នុងរយៈពេល២សប្ដាហ៍ ដើម្បីឱ្យអ្នកចូលរួមទាំងអស់មានឱកាសជួបជុំគ្នាសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីភាសា និងវប្បធម៌ ព្រមទាំងសង្គមជប៉ុន តាមរយៈវគ្គបណ្ដុះបណ្ដាល និងដំណើរទស្សនកិច្ចផ្សេងៗ ហើយកម្មវិធីនេះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី០៤ ដល់ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបានបញ្ជាក់ថា សម្រាប់បេក្ខជនដែលទទួលបានជោគជ័យលាភីក៏អាចចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេលមួយសប្ដាហ៍ទៅកាន់ប្រទេសជប៉ុន ក្នុងរដូវស្លឹកឈើជ្រុះផងដែរ។

ក្នុងកម្មវិធីប្រកួតប្រជែងនេះ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឱ្យសមស្របទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា កម្មវិធីផ្លាស់ប្ដូរនិស្សិត និងកម្មវិធីផ្លាស់ប្ដូរវប្បធម៌ផ្សេងៗរវាងភាគីទាំងពីរ ដែលនេះសុទ្ធសឹងតែជាប្រយោជន៍សម្រាប់សិស្សនិស្សិតយកទៅអភិវឌ្ឍខ្លួន ឱ្យក្លាយជាធនធានមនុស្សមួយប្រកបដោយសមត្ថភាពខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកស្រីបណ្ឌិតមានសង្ឃឹមថា រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុន មូលនិធិជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងភ្នាក់ងារជប៉ុនផ្សេងៗទៀត បន្តការជួយជ្រោមជ្រែង ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីនេះ កម្មវិធីបណ្ដុះបណ្ដាល និងកម្មវិធីអាហារូបករណ៍ដទៃទៀតសម្រាប់ប្រទេសកម្ពុជាតទៅពេលខាងមុខទៀត។

ថ្លែងក្នុងកម្មវិធីប្រកួតប្រជែងនេះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតនេះកាលពីឆ្នាំ២០២៣ ដោយលោកសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនអាចបង្កើតបានដោយរដ្ឋាភិបាលតែឯងបានទេ ដែលភាពជាដៃគូពិតប្រាកដអាចសម្រេចបានតាមរយៈមិត្តភាពនិងទំនុកចិត្តរវាងប្រជាជននិងប្រជាជន។ លោកបានបន្តថា អ្នករៀបភាសាជប៉ុនជារៀមច្បង បានក្លាយខ្លួនជាស្ពានតភ្ជាប់រវាងប្រទេសជប៉ុន និងកម្ពុជា ហើយកំពុងដើរតួនាទី យ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានបង្កើតកម្មវិធីផ្លាស់ប្ដូរផ្សេងៗសម្រាប់អ្នកសិក្សាភាសាជប៉ុន និងយុវជនដែលចាប់អារម្មណ៍អំពីប្រទេសជប៉ុន រួមមានអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) អាហារូបករណ៍គម្រោងអាស៊ីកាកិហាស៊ិ និងកម្មវិធីផ្លាស់ប្តូរយុវជន JENESYS ជាដើម ដោយក្នុងនោះស្ថានទូតជប៉ុនបប្រចាំកម្ពុជា បានបញ្ជូនយុវជនកម្ពុជាជាង ១,៤០០នាក់ទៅកាន់ប្រទេសជប៉ុន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) និងជាង២,០០០នាក់តាមរយៈកម្មវិធី JENESYS។

សូមជម្រាបថា កម្មវិធីប្រកួតប្រជែងសុន្ទរកថាភាសាជប៉ុន បានរៀបចំឡើងចំនួន២៦លើករួចមកហើយ ដោយមានការគាំទ្រពីក្រុមហ៊ុនឯកជន និងស្ថាប័នជាច្រើនផងដែរ៕