(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ ស្ដីពីពិធីការការទូត និងពិធីការអាស៊ាន ជូនដល់មន្រ្តីរាជការក្រោមឱវាទ ក្រសួង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំនៃរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ។
តាមការឲ្យដឹងពីមន្ត្រីជំនាញ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រីកការយល់ដឹង របស់មន្ត្រីរាជការក្រសួង អំពីរបៀបរបបនៃការ ទទួលភ្ញៀវជាតិ និងអន្តរជាតិសំខាន់ៗ និងការរៀបចំពិធីការ ក្នុងកម្មវិធីផ្លូវការផ្សេងៗ។
ជាមួយគ្នានេះ មន្ត្រីដដែលក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា តាមរយៈទស្សនវិស័យ របស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី្កក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកបានផ្តោតសំខាន់ លើការអភិវឌ្ឍន៍ធនធាន មន្រ្តីរាជការនៅក្នុងក្រសួង ព្រោះធនធានមន្រ្តីរាជការ មានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ មិនត្រឹមតែក្នុងក្របខណ្ឌការងារ របស់ក្រសួងប៉ុណ្ណោះទេ តែក៏រួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ ហើយជាញឹកញយ លោកទេសរដ្ឋមន្ត្រី តែងក្រើនរំឭកមន្ត្រីទាំងអស់ មិនថាចាស់ ឫក្មេង ត្រូវតែដុសខាត់ឲ្យបានជាប់ជាប្រចាំ នូវចំណេះដឹង ធ្វើយ៉ាងណាដើរឲ្យទាន់ការអភិវឌ្ឍន៍ ឥតឈប់ឈរនូវបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗ នៅជុំវិញខ្លួន៕