(ភ្នំពេញ)៖ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត មានសេចក្ដីក្តុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងអំពីឧបទ្ទវហេតុលិចទូកចម្លងសិស្សសាលានៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីព្រឹក ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដែលបានបណ្តាលឲ្យកុមារី អ៊ុន សុភ័ក្រ អាយុ១៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុខាងលើ និងកូនសិស្សមួយចំនួនទៀតបានហែលមកច្រាំងស្ទឹងរួចផុតពីគ្រោះថ្នាក់។

ក្នុងគ្រាប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ មានសេចក្តីសង្វេគ សោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់កុមារី អ៊ុន សុភ័ក្រ ជាទីស្រឡាញ់របស់ក្រុមគ្រួសារ ក្នុងឧបទ្ទវហេតុដ៏គួរឲ្យសោកស្តាយបំផុតនេះ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក វង្សី វិស្សុត សូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់កុមារី អ៊ុន សុភ័ក្រ សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕