(កណ្តាល)៖ បន្ទាប់ពីចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ រួចមកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ដដែលនេះបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី ព្រមទាំងអនុសាខាកាកបាទក្រហមស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះធម្មជាតិ ដោយខ្យល់ព្យុះរលំផ្ទះ ប៉ើងដំបូល នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។
បងប្អូនប្រជាពលរដ្ឋនៅឃុំជ័យធំ ដែលទទួលរងគ្រោះធម្មជាតិ ដោយខ្យល់ព្យុះ មានចំនួន២ភូមិ គឺភូមិតាគាត់កើត និងភូមិព្រែកថ្មី ដែលមានផ្ទះខូចខាតសរុបចំនួន២១ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន៣ខ្នង និងខូចខាតដំបូលតិចតួចចំនួន១៨ខ្នង។
ក្រៅពីការខូចខាតផ្ទះប្រជាពលរដ្ឋ ក៏មានខូចខាតផលដំណាំ និងកសិដ្ឋានដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ផងដែរ ដោយខ្យល់ព្យុះធ្វើឱ្យរលំផ្ទះសំណាញ់អស់ជាច្រើនខ្នង។
ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានឧបត្ថម្ភថវិកាមួយចំនួនបន្ថែមលើអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកខ្សាច់កណ្តាលជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយខ្យល់ព្យុះរលំផ្ទះផងដែរ៕