(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក ឌ័ន ហុង ហ្វុង (Doan Hong Phong) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ច ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
សូមជម្រាបជូនថា នេះជាការបំពេញទស្សនកិច្ចផ្លូវការលើកទីមួយនៅក្រៅប្រទេស ដែលលោក ហួត ហាក់ និង លោក ឌ័ន ហុង ហ្វុង នឹងមានជំនួបទ្វេភាគី និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គអធិការកិច្ចរាជរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ចរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តីនឹងចូលជួបសម្តែងការគួរសមជាមួយលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំវៀតណាមជាន់ខ្ពស់មួយចំនួនទៀតផងដែរ។
ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបប្រជុំពិភាក្សាការងារ និងមានដំណើរទស្សនកិច្ចដកស្រង់បទពិសោធពីបណ្តាស្ថាប័នមួយចំនួនទាំងក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន នៅរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តប៊ិញយឿង៕