(ព្រះសីហនុ)៖ កប៉ាល់ដឹកផ្ទុកកុងតឺន័រផ្ទុកទំនិញ១គ្រឿងរបស់ថៃ ឆ្ពោះមកកាន់កំពង់ផែ ខេត្តព្រះសីហនុ ជួបខ្យល់រលកធំៗ រួចបានលិចនៅក្នុងសមុទ្រ ក្បែរកោះរ៉ុង ខេត្តព្រះសីហនុ វេលាថ្ងៃត្រង់ថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២៤ ហើយភ្លាមៗ ជនរងគ្រោះលើកប៉ាល់ ជនជាតិថៃ ត្រូវបានទូកនេសាទនៅក្បែរជួយសង្គ្រោះទាន់ពេល។
តាមសេចក្តីរាយការណ៍របស់អាជ្ញាធរ និងមន្រ្តីកំពង់ផែ បានបញ្ជាក់ថា កប៉ាល់ដឹកទំនិញដែលលិចនេះមានបណ្ដោយ ៤៩ម៉ែត្រ ទទឹង ១៥ម៉ែត្រ ជម្រៅទឹក ជាង៣ម៉ែត្រ នៅលើនាវាដឹកទំនិញ (កុងតឺន័រ) មានមនុស្សចំនួន១០នាក់ ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព។
ប្រតិបត្តិការជួយសង្គ្រោះនេះ មានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនិងសមត្ថកិច្ចចម្រុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វ័យយ័ត្នក្រុងព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា៖ ក្រោយទទួលបានដំណឹងនេះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនឹងសមត្ថកិច្ចចម្រុះ និងផ្នែកពាក់ព័ន្ធបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើកបរកប៉ាល់ និងអ្នកបម្រើការសរុបចំនួន ១០នាក់ ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុ ដោយសុវត្ថិភាពមិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ។
លោកបន្តថា ដោយសារតែការជួយសង្គ្រោះទាន់ពេលពីប្រជានេសាទ រួមនឹងសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្ម័គ្រចិត្តរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អាជ្ញាធររដ្ឋបាលខេត្ត រួមនឹងខាងកំពង់ផែស្វយ័តក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរង គ្រោះជនជាតិថៃទាំង១០ រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅ និងផ្តល់ម្ហូបអាហារដោយមនុស្សធម៌។
ជនរងគ្រោះចំនួន ១០នាក់នេះមានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ MR.SOPON WANTONG ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិថៃ
ទី២៖ ឈ្មោះ MR.SORASAK SASRIMUANG ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិថៃ
ទី៣៖ ឈ្មោះ MR.SANTINA NAGARA ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិថៃ
ទី៤៖ ឈ្មោះ MR.PREECHA PANCHOO ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិថៃ
ទី៥៖ ឈ្មោះ MR.PRAKOB VECHKIT ភេទប្រុស អាយុ ៧៧ឆ្នាំ ជនជាតិថៃ
ទី៦៖ ឈ្មោះ MR.ADISAK BOONKUN ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិថៃ
ទី៧៖ ឈ្មោះ MR.DAURANG PALNAK ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិថៃ
ទី៨៖ ឈ្មោះ MR.SANTI BOONYA ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ
ទី៩៖ ឈ្មោះ MR.ARICHAI JAIRAK ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ
និងទី១០៖ ឈ្មោះ MR.WORRATHUN CHIMSAWAT ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ។
នៅក្នុងឱកាសនោះ បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃ ដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជា និងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះរួចផុតពីគ្រោះថ្នាក់៕