(កំពង់ស្ពឺ)៖ សមាជិកសកម្មនៃគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន០៣រូប បានសម្រេចចិត្តដើរចេញពីបក្សដែលខ្លួនធ្លាប់ធ្វើសកម្មភាពនយោបាយជាមួយ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីលើនោះ ការប្រកាសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់ លោក សម រង្ស៉ី ជាចំណែកធំមួយ ដែលនាំឱ្យពួកគេសម្រេចដើរចេញពីបក្សប្រឆាំងផងដែរ។ ពួកគេចាត់ទុកការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតដ៏ខុសឆ្គង ជាគំនិតក្បត់នឹងប្រយោជន៍របស់ជាតិទាំងស្រុង។
សមាជិកសកម្មនៃគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនទាំង៣រូបនេះ បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ផងដែរ។
ពេលនេះពួកគេបានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ៕