(ភ្នំពេញ)៖ នគរបាលនៃអធិការដ្ឋានខណ្ឌកំបូល ដឹកនាំដោយលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល និងអាជ្ញាធរសង្កាត់ឪឡោក បានចុះធ្វើវេទិការសាធារណៈស្ដីពីការផ្សព្វផ្សាយផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន។ បញ្ហាក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបញ្ហាជាច្រើនទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានយល់ដឹងគោរពច្បាប់ចៀសវាងការប្រព្រឹត្តខុស នាំមានទោសទណ្ឌដល់ខ្លួននិងបះពាល់ដល់សង្គមជាតិ ។
ពិធីនោះបានប្រព្រឹត្តនៅព្រឹកថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២៤ ក្នុងភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការចូលរួមដោយលោក ម៉ែ រក្សមូលី ចៅសង្កាត់ឪឡោក, លោកវរសេនីយ៍ ទោ ភា ប្រុស អធិការរង លោកវរសេនីយ៍ទោ ជ័យ សុវណ្ណ អធិការរង, លោកវរសេនីយ៍ត្រី ថោង ច័ន្ទសុធា អធិការរងនគរបាលខណ្ឌកំបូល, លោក អឹម វឿន ចៅរងសង្កាត់ឪឡោក, លោកវរសេនីយ៍ត្រី វុទ្ធ ប៊ុនថន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក និងមន្រ្តីក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋចំនួន៤៥នាក់ ។
នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានថ្លែងថា ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការនគរបាលខណ្ឌកំបូល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំលោកអធិការរង លោកនាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទ ដោយមានការអញ្ជេីញចូលរួមពីលោកចៅសង្កាត់ឪឡោក បានចុះធ្វើវេទិការសាធារណៈមួយនៅក្នុងភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោកអធិការបានបន្តថា នៅក្នុងពិធីនោះមានបញ្ហាចំនួន៣ចំណុចដែលត្រូវបានលើកឡើងរួមមាន៖ ផលប៉ះពាល់នៃផលិត ការប្រើប្រាស់ ការជួញដូរចែកចាយគ្រឿងញៀន និងបញ្ហាក្មេងទំនើង ដោយអង្គពិធីទាំងមូលបានណែនាំដល់ប្រជាពលរដ្ឋ។ ជាពិសេសក្រុមយុវជនទាំងឡាយ ត្រូវចៀសឱ្យឆ្ងាយពីបញ្ហាខាងលើ ដែលសង្គមកំពុងស្អប់ខ្ពើម ព្រោះច្បាប់ក៏មិនអាច ឬមិនដែលលើកលែងឱ្យអ្នកដែលប្រព្រឹត្តខុសនោះឡើយ។ បញ្ហាច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ ដោយអ្នកបើករថយន្តត្រូវពាក់ខ្សែក្រវាត់ត្រឹមត្រូវ អ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ម៉ូតូត្រូវដាក់កញ្ចក់ឱ្យបានត្រឹមត្រូវ ជាពិសសេសកុំបើកលឿនហួសល្បឿនកំណត់ ហើយកុំបបើកបរក្នុងពេលស្រវឹងឱ្យសោះ។
លោកអធិការបានបញ្ជាក់ថា ដោយឡែកបញ្ហាទី៣, ប្រជាពលរដ្ឋបានលើកឡើងអំពីការខុសសំបុត្រកំណើតរបស់ពួកគាត់ និងសមាជិកគ្រួសារពួកគាត់ដូចជា ឈ្មោះ ខែ ឆ្នាំ ភេទ និងអាយុជាដើម ធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
បញ្ហានេះដែរលោកក៏បានជម្រាបជូនដល់ប្រជាពលរដ្ឋថា សូមអ្នកដែលខុស និងត្រូវកែនោះអញ្ជើញទៅកាន់សាលាសង្កាត់ឪឡោក ហើយអាជ្ញាធរសង្កាត់ និងផ្សព្វផ្សាយបន្ថែមដើម្បីធ្វើការស្រង់ឈ្មោះ បញ្ជូនទៅកាន់អាជ្ញាធរខណ្ឌ ហើយអាជ្ញាធរខណ្ឌនិងបញ្ជូនបន្តទៅកាន់អគ្គនាយកដ្ឋានដើម្បីកែជូនបងប្អូន៕