(កំពង់ធំ)៖ លោក ម៉េង លីនណា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនលោកស្រី គឹម គីម កំពុងមានជំងឺរស់នៅភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។
លោក ម៉េង លីនណា បានលើកឡើងថា ដោយមើលឃើញពីទុក្ខលំបាករបស់បងស្រីដែលមានជំងឺប្រចាំផ្កាយនិងមានជីវភាពខ្វះខាត ដូចនេះហើយទើបក្រុមការងារ ស.ស.យ.ក ឃុំប្រឡាយ ដោយមានកិច្ចសហការជាមួយលោកមេប៉ុស្តិ៍ លោកមេភូមិ នាំយកអំណោយមកផ្ដល់ជូននៅពេលនេះដែលជាការចូលរួមរំលែកការខ្វះខាតបានមួយចំណែក ទោះបីជាអំណោយដែលបានចែកជូននៅពេលនេះមិនគ្រប់តាមតម្រូវការ ក៏ពិតមែនក៏ប៉ុន្តែក្នុងនាមរូបលោកផ្ទាល់ក៏ដូចជាប្រធាន ស.ស.យ.ក ស្រុក និងអាជ្ញាធរមូលដ្ឋាននៅតែមើលឃើញ នឹងយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារដែលងាយរងគ្រោះ។
លោកបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំប្រឡាយ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការស្វះស្វែងរកអំណោយមនុស្សធម៌ជូនគ្រួសារដែលកំពុងខ្វះខាតខ្លាំង ព្រោះអំណោយ និងថវិកាដែលប្រមូលបានជាការរួមចំណែក និងវប្បធម៌នៃការចែករំលែក ជួយគ្នាក្នុងគ្រាក្រ ហើយលើកទឹកចិត្តឱ្យបងប្អូនរបស់យើងចេះមើលឃើញពីទុក្ខលំបាក។
លោកបានជំរុញឱ្យស្រីត្រូវថែទាំសុខភាពឱ្យបានល្អ និងមានអនាម័យខ្ពស់ ដោយអនុវត្តនៅវិធានការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
លោកបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានពិសេសលោកមេភូមិត្រូវតែតាមដាននៅស្ថានភាពរបស់ប្អូនស្រី ឬក៏ក្រុមគ្រួសារដែលជួបទុក្ខលំបាកផ្សេងទៀត ដើម្បីផ្ដល់ព័ត៌មានដល់អាជ្ញាធរឃុំ និងក្រុមការងារ ស.ស.យ.ក ក្នុងការចូលរួមសហការគ្នាស្វែងរកមូលនិធិសប្បុរសធម៌ផ្សេងៗទៀតទៅតាមលទ្ធភាពជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនរួមមានអង្ករ ១បេ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអុីវ១យួរ ទឹកសុទ្ធ១០យួរ ថវិកា ៤សែនរៀល ជាថវិកា របស់ ស.ស.យ.ក និងសប្បុរសជន៕