(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំក្បួនដង្ហែតុក្កតាយក្ស តំណាងឱ្យរូបសត្វផ្សេងៗ ដើម្បីអបអរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៤ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ពិធីក្បួនដង្ហែតុក្កតាយក្ស ដើម្បីអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ឆ្នាំ២០២៤ ដោយមានតុក្កតាយក្ស តំណាងឱ្យរូបសត្វផ្សេងៗគ្នា មានសត្វត្រី និងសត្វស្លាបចម្រុះជាច្រើនប្រភេទ ត្រូវបានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រចិត្តបានរួមគ្នាធ្វើឡើង រួមទាំងបដាពាក្យស្លាកអប់រំអំពីបរិស្ថាន ក្នុងគោលបំណងក្រើនរម្លឹកប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន យល់ដឹងអំពីផលប៉ះពាល់នៃសំរាមប្លាស្ទិក។

ពិធីនេះក្រោមវត្តមានលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា, លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី និងវិស័យឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

លោក ង៉ូវ សេងកាក់ បាន​លើកឡើងថា ការបង្ហែក្បួនតុក្កតាយក្ស ដើម្បីអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ប្រចាំឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ដ៏ល្អមួយ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការដាស់ស្មារតីប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍រស់នៅជាប់បឹងទន្លេសាបឱ្យបានយល់ដឹងពីការថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិជាដើម។

លោកបន្តថា ដោយមើលឃើញអំពីសារៈសំខាន់ រដ្ឋបាលខេត្តនិងសហការជាមួយដៃគូពាក់ព័ន្ធ គ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមក្នុងកិច្ចការនេះ ហើយក៏បានផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរចូលមកកម្សាន្តផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី ឆាយ ស៊ីវលីន បាន​លើកឡើងថា ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តកាន់តែច្រើន ប្រជាពលរដ្ឋក្នុងសហគមន៍ ត្រូវយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីការទុកដាក់សំរាម ជាពិសេសប្លាស្ទិក។ លោកស្រីបន្តថា ជាក់ស្តែងឃុំកំពង់ភ្លុក មានការរីកចម្រើន គួឱ្យកត់សម្គាល់ ក្នុងរៀបចំទុកដាក់ បែងចែកសំរាមបានយ៉ាងល្អប្រសើរ។ ទាំងនេះចាត់ទុកថា ជាជោគជ័យដ៏ធំធេងមួយ ដោយផ្តើមចេញពីយើងទាំងអស់គ្នា។

សូមជម្រាបថា ក្បួនដង្ហែតុក្កតាយក្ស អបអរសាទរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៤ ចាប់ផ្តើមដង្ហែពីបរិវេណសាលាឃុំកំពង់ភ្លុក ឆ្ពុះទៅកាន់សាលាឆទានស្ពានមាត់ទន្លេ ដោយមានការចូលរួមដង្ហែពីសំណាក់អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិយ៉ាងច្រើនកុះករ។

ក្នុងនោះដែរ ក៏មានពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ និងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៤ ដែលជាបុណ្យសមុទ្រទឹកសាបកម្ពុជា ដឹងគុណទន្លេសាបលើកទី២ មានរយៈពេលចំនួន២យប់២ថ្ងៃ ពីថ្ងៃទី៨ និងទី៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានកម្មវិធីច្រើន រួមទាំងពិធីកិច្ចសាសនានានា កម្មវិធីកម្សាន្តសប្បាយ ការដង្ហែក្បួនអប់រំអំពីបរិស្ថាន ពិធីដាំកូនឈើ ការប្រកាសគ្រួសារគំរូ និងពិធីបើកយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន ក្រោមប្រធានបទ កំពង់ភ្លុកស្អាត ដោយគ្មានប្លាស្ទិកជាដើម៕