(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងក្រុមការងារនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមរំលែកទុក្ខបុណ្យសព កុមារី អ៉ីន សុភក្តិ នៅក្នុងភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលបានស្លាប់ក្នុងករណីលិចទូកដរនៅកំពង់ចម្លងភូមិបឹងខ្វែក ឃុំស្រើង និងភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី បានពាំនាំនូវការផ្តំាផ្ញើសាកសួសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះក្រុមគ្រួសារសពសព និងក្មួយដែលបានជូបឧបទ្ទវហេតុលិចទូកនេះ។ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធសពកុមារី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកស្រីបានបានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ឱ្យខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពឱ្យល្អរឹងមាំ និងបានផ្តាំផ្ញើឱ្យក្មួយៗជាសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។ ចំពោះ អ្នកប្រកបរបរអាជីវកម្មទូកចម្លងនេះ ក៏ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់ និងត្រូវពិនិត្យបច្ចេកទេសទូកឱ្យបានត្រឹមត្រូវដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរ។
សូមបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកចម្លងនេះកើតឡើងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១៖២២នាទីថ្ងៃត្រង់ នៅកំពង់ចម្លងភូមិឈូកស្ទឹង ឃុំឈូក និងភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ដោយមានសិស្សានុសិស្សអនុវិទ្យាល័យឈូក ចេញពីសាលារៀនធ្វើដំណើរទៅផ្ទះវិញ (ត្រើយម្ខាងទៀតនៅឃុំស្រើងស្រុកប្រាសាទសំបូរ) បានលិចទូកបណ្តាលឱ្យរងគ្រោះសិស្សចំនួន ១៥នាក់ ស្រី១០នាក់ និងម្ចាស់ទូកម្នាក់ជាស្រ្តី ក្នុងនោះជួយសង្គ្រោះបានចំនួន១៤នាក់ ស្រី១០នាក់ ហើយបានបាត់ជីវិតចំនួន១នាក់ភេទស្រី៕