(សៀមរាប)៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរាត្រីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកម្មវិធី «JCI Senate Golden Era Night» នៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រតិភូមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ប្រធានថ្នាក់ជាតិតាមបណ្តាប្រទេស និងក្រុមប្រឹក្សាភិបាលរបស់ JCI សរុបប្រមាណជាង ៥០០នាក់ចូលរួមផងដែរ។
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលបានអនុញ្ញាតឱ្យកម្មវិធីនេះបានរៀបចំឡើងនៅលើទឹកដីនៃខេត្តសៀមរាប ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ JCI កម្ពុជា អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តរៀបចំ និងចូលរួមជួយជ្រោមជ្រែងកម្មវិធីដ៏មានសារៈសំខាន់នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានបន្តថា មិនត្រឹមតែអនុញ្ញាតឱ្យអ្នកចូលរួមមកពីបណ្តាប្រទេសនានា មកប្រទេសកម្ពុជាអាចស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ និងភាពកក់ក្តៅ ស្នាមញឹមរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគ្រប់គ្នាៗ បានមកជាសាក្សីនៃការរីកចម្រើនរបស់កម្ពុជា ការរស់នៅ និងសមិទ្ធិផលរបស់កម្ពុជាក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ទាំងក្នុងដំណាក់កាលការតស៊ូនាអតីតកាល ការអភិវឌ្ឍន៍ ឥតឈប់ឈរក្នុងពេលបច្ចុប្បន្ន និងការបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ និងសក្តានុពលរបស់កម្ពុជា។
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានរំលេចអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អំពីដំណើរដែលកម្ពុជាបានឆ្លងកាត់ពីប្រទេសដែលធ្លាប់តែត្រូវបានស្គាល់ដោយសង្គ្រាម និងវាលពិឃាត ទៅជាប្រទេសដែលមានសន្តិភាពពេញលេញ និងការទទួលស្គាល់ ក្នុងគោលដៅ ដើម្បីរម្លឹកពីតម្លៃនៃសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិទូទាំងពិភពលោក។
សូមជម្រាបថាកម្មវិធី «JCI Senate Golden Era Night» បានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងប្រកាសផ្ទេរតំណែងជូនប្រធានប្តូរវេន ព្រមទាំងទទួលស្គាល់ក្រុមប្រឹក្សាភិបាលរបស់ព្រឹទ្ធសមាជិកJCI ក៏ដូចជាបង្កើនភាពស្និតស្នាលតាមរយៈការរៀបចំកម្មវិធីពិសារអាហារ ដើម្បីអបអរការបញ្ចប់អាណត្តិ និងសមិទ្ធផលរបស់ប្រធាន រួមទាំងក្រុមប្រឹក្សាភិបាលអាណត្តិឆ្នាំ២០២៣ផងដែរ៕