(ភ្នំពេញ)៖ កីឡាការិនី ស្រួង ភាវី ជាកីឡារិនីកីឡាប៊ីយ៉ា និងជាសមាជិកសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមវេជ្ជបណ្ឌិតជំនាញមកពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចុះពិនិត្យ ព្យាបាលជំងឺមាត់ធ្មេញ ជំងឺឆ្អឹង និងជំងឺទូទៅជាច្រើនមុខ ព្រមទាំងផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនដល់កុមារនៅអង្គការពន្លឺអនាគត។

ជាមួយនឹងការងារសប្បុរសធម៌នេះ កីឡាការិនី ស្រួង ភាវី បានបង្ហាញក្តីរំភើប និងរីករាយដែលបានឃើញកុមារកំព្រាកំពុងរស់នៅក្នុងអង្គការពន្លឺអនាគត។ តាមរយៈការចុះជួបដោយផ្ទាល់ចំពោះស្ថានភាពរបស់កុមារកំព្រា នៅក្នុងអង្គការពន្លឺអនាគត លើដំបូងបានទាញចិត្តរបស់លោកស្រីចូលរួមផ្សព្វផ្សាយ និងកៀងគស្វែងរកសប្បុរសជននានា ដើម្បីនាំយកអំណោយនានាជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត សម្រាប់ជួយទ្រទ្រង់ដល់ការរស់នៅរបស់កុមារកំព្រានៅក្នុងអង្គការពន្លឺអនាគតជាដើម។

កីឡាការិនី ស្រួង ភាវី បានបន្តថា គិតមកដល់ឆ្នាំ២០២៤នេះ ខ្ញុំបានធ្វើសកម្មភាពមនុស្សធម៌ជាង៨ឆ្នាំមកហើយ ដោយបាននាំអំណោយមនុស្សធម៌ចុះជួយប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាននានានៅក្នុងប្រទេសកម្ពុជា ក្នុងនោះអំណោយភាគច្រើនគឺឱសថសម្រាប់បំប៉នសុខភាពដល់មនុស្សចាស់ ពីព្រោះជនចាស់ជរានៅតាមជនបទ ពួកគាត់មិនមានធនធានគ្រប់គ្រន់សម្រាប់ទិញឱសថថែរក្សាសុខភាពនៅពេលដែលពួកគាត់ត្រូវការជំនួយកម្លាំងនោះទេ។

កីឡាការិនី ស្រួង ភាវី ក៏បានទទូចសុំដល់សប្បុរសជននានាដែលមានធនធានសូមចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីធ្វើយ៉ាងចូលរួមចំណែកជួយដល់កុមារកំព្រា និងជនទីទ័លក្រក្នុងន័យសម្រាលការលំបាកដល់ពួកគាត់បានមួយកម្រិត។ ដោយឡែកសម្រាប់សកម្មភាពសប្បុរសធម៌ គឺតែងតែមានការចូលរួមពីសំណាក់ក្រុមហ៊ុនធំៗមួយចំនួននៅប្រទេសកូរ៉េ បានចូលរួមចំណែកជាហូរច្រើនផងដែរ៕