(កំពង់ស្ពឺ)៖ អនុវត្តតាមបញ្ជារបស់លោកហន ពិសិដ្ឋ អភិបាលស្រុកគងពិសី កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងដែលបង្ហោះម៉ូតូមួយក្រុមដែលធ្វើការបង្ហោះម៉ូតូតាមផ្លូវសាធារណៈត្រូវបានអ្នកដំណើរថតបានចំនួន០២នាក់ និងម៉ូតូ០២គ្រឿង ខណៈបក្ខពួកចំនួន ៣នាក់ទៀតកំពុងគេចខ្លួន។
នគរបាលស្រុកគងពិសី បានឱ្យដឹងថា យុវជនត្រូវឃាត់ខ្លួនរួមមាន៖
ទី១៖ ឈ្មោះ គ្រួស សៀកម៉ី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី (ជិះពីក្រោយ អ្នកថត)។
និងទី២៖ ឈ្មោះ មាស សុផាត់ ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី (អ្នកអង្គុយពីក្រោយ)។
សមត្ថកិច្ចបានដកហូតម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1IS-5077 និងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខត្បូងឃ្មុំ 1D-1661 ត្រង់ចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតនៅខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ។
នគបាលស្រុកគងពិសី បានបញ្ជាក់ទៀតថា ចំណែកបក្ខពួក០៣នាក់ ដែលត្រូវតាមចាប់ទៀតមាន៖
ទី១៖ ឈ្មោះ ឡា ភេទប្រុស អាយុប្រហែល១៦ឆ្នាំ នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមន្នី ស្រុកគងពិសី ជិះម៉តូតូម៉ាកស៊ុយគីនិចពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1I-5073 (ជាអ្នកបង្ហោះម៉ូតូ)បានរត់គេចខ្លួន។
ទី២៖ ឈ្មោះ កា ភេទប្រុស អាយុប្រហែល១៥ឆ្នាំ នៅភូមិចាស់ ឃុំពេជ្រមន្នី ស្រុកគងពិសី (រត់គេចខ្លួន) ជាអ្នកបង្ហោះម៉ូតូកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង១៧ និង៥៨នាទី ត្រង់ចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី។
និងទី៣៖ ឈ្មោះ តុង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ នៅភូមិចាស់ ឃុំពេជ្រមន្នី ស្រុកគងពិសីជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ស្លាកលេខមើលមិនច្បាស់ (បានគេចខ្លួន) បក្ខពួកបង្ហោះម៉ូតូចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ត្រូវអ្នកដំណើរថតបាន។
លោកអធិការស្រុកបានឱ្យថា ក្រុមក្មេងទំនើងចំនួន២នាក់ ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកនៅសល់បក្ខពួកចំនួន ៣នាក់ទៀត កំពុងបន្តការស្រាវជ្រាវ៕