(ឧត្តរមានជ័យ)៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជាមួយនឹងការដកហូតវត្ថុតាងថ្នាំញៀនជាង៣០កញ្ចប់ តូច ធំ និងសម្ភារៈមួយចំនួនទៀត នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ។
វរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងមានការសហការពីនគរបាលប៉ុស្ត៍រដ្ឋបាលឃុំត្រពាំងប្រាសាទ ឃុំព្រះប្រឡាយ បានធ្វើការបង្ក្រាបករណីជូញដូរនូវសារធាតុញៀនដោយខុសច្បាប់០១ករណី ស្ថិតនៅភូមិឃុំខាងលើ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌុង រិន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកសិករ។
លោកអធិការស្រុកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតនូវសម្ភារៈជាវត្ថុតាងមួយចំនួនរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន ៣២កញ្ចប់ ក្នុងនោះមានតូចចំនួន៣១កញ្ចប់ និងធំចំនួន០១ កញ្ចប់ ទូរស័ព្ទដៃម៉ាកNOKIAពណ៏ទឹកសមុទ្រ០១ គ្រឿង និងសម្ភារៈវិចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងសម្ភារៈវត្ថុតាងខាងលើ ត្រូវបាននាំយកមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕