(កោះកុង)៖ លោក ផាត់ សេង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានសហការជាមួយមន្ត្រីច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះផ្ដល់សេវាសាធារណៈ បានបន្តចុះត្រួតពិនិត្យបញ្ជីជលយានគ្រប់ប្រភេទ ព្រមទាំងផ្ដល់អាជ្ញាបណ្ណអាជីវកម្មនេសាទជូនប្រជាពលរដ្ឋរស់នៅឃុំថ្មស និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
លោក ផាត់ សេង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុង និងសាមីមន្ទីរដែលពាក់ព័ន្ធ និងបានសហការជាមួយមន្ត្រីច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត បានបន្តចុះផ្តល់សេវាសាធារណៈ និងចុះត្រួតពិនិត្យបច្ចេកទេសជលយាន (ទូក) គ្រប់ប្រភេទព្រមទាំងផ្តល់អាជ្ញាបណ្ណអាជីវកម្មនេសាទជូនប្រជាពលរដ្ឋចំនួន២ឃុំ គឺឃុំអណ្តូងទឹក និងឃុំថ្មស ស្រុកបូទុមសាគរ។
លោក ផាត់ សេង បានបន្តថា ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការចង្អុរបញ្ហារបស់ថ្នាក់ដឹកនាំខេត្តដើម្បីផ្តល់សេវាសាធារណៈចុះបញ្ជីជលយានគ្រប់ប្រភេទ និងផ្តល់អាជ្ញាបណ្ណអាជីវកម្មនេសាទជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល ក្នុងការប្រកបអាជីវកម្មនេសាទ លោកបានដឹកនាំក្រុមការងារចុះដល់ទីតាំងគោលដៅដោយមិនគិតពីភាពនឿយហត់ព្យុះភ្លៀងឡើយព្រោះនេះជាកាតព្វកិច្ចរបស់ក្រុមការងារលោកដើម្បីធ្វើយ៉ាងឱ្យប្រជានេសាទមានការសប្បាយចិត្ត និងងាយស្រួលដោយមិនបាច់ប្រើប្រាស់ពេលវេលាទៅខេត្ត និងចំណាយថវិកាច្រើនទៀតផង។
លោកបានបន្ថែមថា៖ «ចំពោះការបង់តម្លៃសេវាសាធារណៈទៅលើជលយានគ្រប់ប្រភេទនេះក្រុមការងារចុះមកផ្សព្វផ្សាយតម្លៃសេវាហើយបានបិតផ្សព្វផ្សាយនៅទីតាំងនេះតែងម្តង។ ដូច្នេះយើងមិនអាចយកតម្លៃសេវា លើពីតម្លៃសេវាកំណត់របស់រដ្ឋបានទេទាំងមន្ទីរសាធារណការ និងច្រកចេញចូលតែមួយព្រោះតម្លៃសេវា គឺដាក់ចេញពីថ្នាក់ក្រសួង»។
ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ការបង់តម្លៃសេវាជលយាននេះមានកន្លែង២ កន្លែង គឺទី១៖ តម្លៃសេវាចូលច្រកចេញចូលតែតម្លៃផ្សេង គិតកម្លាំងសេះចាប់ ៩០សេះ ចុះក្រោមបង់តម្លៃចូលច្រកចេញចូលតែ១, និងទី២៖ តម្លៃសេវាចាប់ពីកម្លាំង៩១សេះឡើងទៅ បង់តម្លៃសេវាចូលមន្ទីរសាធារណការខេត្ត ហើយចំពោះការបង់តម្លៃសេវាក្រុមការងារទាំង២កន្លែង មិនអាចយកលើសពីគោលការកំណត់របស់រដ្ឋបានឡើយ។ តែមានមន្ទ្រីណាម្នាក់យកលើសពីការំណត់របស់រដ្ឋ ត្រូវរាយការណ៍ជូនលោកភ្លាមៗ។ ការបង់តម្លៃសេវាជូនរដ្ឋនេះក្រុមការងារទាំង២កន្លែង បានផ្តល់វិក្ក័យបត្រត្រឹមត្រូវជូនរដ្ឋ។
ប្រជាពលរដ្ឋបានសម្តែងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តបានចុះផ្តល់សេវាសាធារណៈព្រមទាំងផ្តល់អាជ្ញាបណ្ណអាជីវកម្មនេសាទជូនពួកគាត់ដល់លំនៅដ្ឋានដោយមិនចាំបាច់ឱ្យពួកចំណាយពេលវេលាថវិកាទៅខេត្តច្រើនទៀតផង។ ការធ្វើអាជីវកម្មស្របទៅតាមគោលការណ៍ស្របតាមផ្លូវច្បាប់ និងមានភាពកក់ក្តៅចំពោះទូករបស់គាត់ក្នុងបាត់បង់ងាយស្រួលផ្តល់ព័ត៌មានជូនសមត្ថកិច្ចទៀតផង៕