(កំពង់ធំ)៖ អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋចំនួន៣០០នាក់ នៅខេត្តកំពង់ធំ បានទទួលសេវាព្យាបាលជម្ងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យមនុស្សធម៌ ដែលដឹកមកពីទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមចំនួន៤៦នាក់។ ពិធីនេះ បានធ្វើឡើងនៅក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ បានថ្លែងថា អតីតយុទ្ធជន គ្រួសារកងទ័ព ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន៣០០នាក់ ដែលមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃនាពេលនេះ គឺមកពីស្រុក ក្រុងទាំង៨ នៅក្នុងខេត្កំពង់ធំ ក្នុងនោះមានអតីតយុទ្ធជនចំនួន១៦៦នាក់ គ្រួសារកងទ័ពចំនួន១០០នាក់ និងប្រជាពលរដ្ឋចំនួន៣៤នាក់។
ក្រុមគ្រូពេទ្យខាងលើនេះដឹកនាំដោយ មេបញ្ជាការរងកងទ័ព ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកវរសេនីយឯក ចិន វ៉ាន់តាំ មេបញ្ជាការរងបានថ្លែថា នេះជាលើកទី២ហើយ បន្ទាប់ពីចុះទៅព្យាបាលជំងឺដោយឥតគិតថ្លៃ នៅក្នុងស្រុកស្ទោង ហើយនៅក្នុងថ្ងៃនេះដែរ ក៏បានដឹកនាំក្រុមគ្រូពេទ្យមនុស្សធម៌ចំនួន៤៦នាក់ មកពីទីក្រុងហូជីមិញ មានគ្រូពេទ្យគ្រប់ជំនាញ ដូចជា ឯកទេសពេទ្យភ្នែក រោគស្ត្រី និងជំងឺទូទៅសម្រាប់មនុស្សចាស់ក្មេង ប្រុសស្រី និងបានផ្តល់ថ្នាំសង្កូវ ថែមទាំងថវិកាចំនួន២០ដុល្លារទៀតក្នុងម្នាក់ៗ សម្រាប់ការធ្វើដំណើរ។ មិនតែប៉ុណ្ណោះកងទ័ពវៀតណាម ក៏ធ្លាប់បានជួយផ្តល់ អាគារប្រជុំជាច្រើនខ្នងជាបន្តបន្ទាប់ ដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា វៀតណាមឲ្យកាន់តែទូលំទូលាយថែមទៀត៕