(តាកែវ)៖ ក្មេងទំនើងចំនួន៧នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូកាន់កាំបិតប៉័ងតោ នៅតាមដងជាតិលេខ២ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ចោទប្រកាន់ពាក់ព័ន្ធទៅនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតប្រព្រឹត្តនៅក្នុងភូមិស្វាយរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
បើយោងតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានលើកឡើងថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរនគរបាលស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមួយក្រុម ដែលបានធ្វើសកម្មភាពជិះម៉ូតូជំនួន ៣ គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោ និងកាំបិតក្រង៉ុក នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិស្វាយរំដេងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង ៤០នាទី។
ក្នុងករណីនេះសមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេររកឃើញកាំបិតប៉័ងតោចំនួនមួយដើម និងកាំបិតក្រងង៉ុកចំនួនមួយដើម ដែលក្មេងទំនើងនេះបានយកតាមខ្លួននិងបានឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះចំនួន៧នាក់។
ក្មេងទំនើងទាំង៧នាក់ រួមមាន៖
ទី១៖ ឈ្មោះ ផាត ភារម្យ ហៅឆាង ភេទប្រុសអាយុ ១៨ឆ្នាំ
ទី២៖ ឈ្មោះកែវ រតនៈ ហៅក្លឹប អាយុ១៧ឆ្នាំ
ទី៣៖ ឈ្មោះ ផុន បុល ភេទប្រុស អាយុ១៩ឆ្នាំ
ទី៤៖ ឈ្មោះ ឈួនហូលាន ភេទប្រុស អាយុ១៦ឆ្នាំ
ទី៥៖ ឈ្មោះ យ៉ាន់ ថាយុទ្ធ អាយុ១៦ឆ្នាំ
ទី៦៖ ឈ្មោះ វ៉ មេសា អាយុ១៨ឆ្នាំ
និងទី៧៖ ឈ្មោះ សោម សុគន្ធ ភេទប្រុសអាយុ១៩ឆ្នាំ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបងខេត្តតាកែវ បានបន្តថា ក្រោយពីបានសួរចម្លើយទៅលើជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជូនសង្ស័យជាក្មេងទំនើងទាំង៧នាក់នេះ ពីបទ «កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅភូមិស្វាយរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បទល្មើសព្រហ្មទណ្ឌនេះមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ៕