(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែមិថុនា ប្រតិភូជាង២០នាក់ មកពីអង្គការសប្បុរសធម៌ខ្វនថឹម បានទៅទស្សនកិច្ចនៅទីស្នាក់ការសមាគមសម្ព័នខ្មែរ-ចិន នៅកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីលោក បូ រ៉េត ប្រធានប្តូរវេនសមាគម អ្នកឧកញ៉ា តែ មាន អនុប្រធានប្រតិបត្តិនៃសមាគម និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបទៀត។

លោក អ៊ុង គង្គា ប្រធានអង្គការសប្បុរសធម៌ខ្វនថឹម បានថ្លែងថា អង្គការសប្បុរសធម៌ខ្វនថឹម ជាអង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជីស្របច្បាប់ នៅក្រសួង មហាផ្ទៃយូរឆ្នាំហើយ។ ប៉ុន្តែដោយសារលោកមានការងាររវល់ច្រើន មិនទាន់បានគៀងគរសប្បុរសជនឱ្យចូលរួម តែលោកបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយកសាងអគារសិក្សាថ្មីនៅទីជនបទដែលខ្វះខាតបាន២ខ្នងរួចហើយ។ ដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទើបលោកផ្សព្វផ្សាយពីគោលបំណងចូលរួមសកម្មភាពមនុស្សធម៌របស់អង្គការ ហើយបានទទួលការគាំទ្រពីសហគ្រាសទាំងតូច និងធំ មានការសាទរពីសប្បុរសជនជាច្រើន។

លោកបានរៀបរាប់ថា សមាជិកភាគច្រើននៃអង្គការរបស់លោក គឺមកពីប្រទេសចិន ហើយធ្វើការងារ និងវិនិយោគទុនបង្កើតការងារជាច្រើននៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះក៏មានសមាជិកខ្លះមានគ្រួសារជាជនជាតិខ្មែរផងដែរ។

លោក គង្គា បានបន្ថែមទៀតថា៖ «អង្គការសប្បុរសធម៌ខ្វនថឹម គឺជាអង្គការមិនស្វែងរកផលចំណេញ ខ្វនថឹម មានន័យថា «តូច» ប៉ុន្តែមានគ្នាច្រើន លោកមានបំណងប្រមូលកម្លាំងមនុស្សធម៌តូចៗឱ្យបានច្រើន ដើម្បីធ្វើការងារមនុស្សធម៌ និងសុខមាលសង្គមទៅតាមលទ្ធភាពដែលអាចធ្វើបាន។ យើងផ្តល់ជំនួយដោយឥតគិតថ្លៃដល់ក្រុមជនដែលជួបការលំបាក ងាយរងគ្រោះ បរិច្ចាគថវិកាជួយសាងសង់អគារសិក្សានៅតំបន់ដាច់ស្រយាល ផ្តល់ការគាំទ្រសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា»

ប្រធានសមាគម បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ព្រឹទ្ធាចារ្យជាអ្នកដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទាំងអ្នកដឹកនាំជំនាន់មុន និងអ្នកដឹកនាំបច្ចុប្បន្ន។

លោក បូ រ៉េត ប្រធានប្តូរវេនសមាគម បានណែនាំអំពីស្ថានភាពទូទៅនៃសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដល់គណៈប្រតិភូ។ លោកបានលើឡើងថា សមិទ្ធផលការងារដែលធ្វើដោយសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា មិនត្រឹមតែត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ថែមទាំងទទួលបានការកោតសរសើរដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាទៀតផង។ សំខាន់ជាងនេះទៅទៀត នៅក្នុងសន្និសីទសមាគមចិន ពិភពលោក លើកទី១០ ដែលរៀបចំនៅទីក្រុងប៉េកាំង កាលពីដើមខែឧសភាឆ្នាំមុន សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានឈ្នះពានរង្វាន់ «ពន្លឺនៃសហគមន៍ចិន» ដែលជាកិត្តិយសដ៏ធំធេងសំរាប់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។

លោកគូសបញ្ជាក់ថា ថ្ងៃនេះប្រតិភូអង្គការសប្បុរសធម៌ខ្វនថឹម បានឧបត្ថម្ភថវិកាចំនួន ២០,០០០ដុល្លារអាមេរិក ដល់មូលនិធិគ្រូបង្រៀន និងអប់រំភាសាចិន នៃសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងរបស់អង្គការលើវិស័យអប់រំភាសាចិន នៅកម្ពុជា និងការទទួលស្គាល់សមិទ្ធផលការងាររបស់សមាគមសម្ព័ន្ធខ្មែរ-ចិន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ លោកសង្ឃឹមថា អង្គការសប្បុរសធម៌ខ្វនថឹម នឹងបន្តរក្សានូវការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គមកម្ពុជា។

អ្នកឧកញ៉ា តែ មាន អនុប្រធានប្រតិបត្តិនៃសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា និងជានាយកនៃផ្នែកមូលនិធិគ្រូបង្រៀន និងអក្សរសាស្ត្រចិន បានថ្លែងថា ការអប់រំភាសាចិននៅកម្ពុជា បានឆ្លងកាត់ប្រវត្តិរុងរឿងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដោយមានសាលារៀនចិនជាង២៣០សាលា នៅទូទាំងប្រទេស។ តែមិននឹកស្មានដល់ សង្រ្គាមបានផ្ទុះឡើងក្រោយឆ្នាំ១៩៧០ ហើយសាលារៀនចិន ត្រូវបានបង្ខំឱ្យបិទទាំងស្រុង និងត្រូវបានផ្អាកអស់រយៈពេល២០ឆ្នាំ ដោយបន្សល់ទុកនូវកូនចៅចិនមួយជំនាន់ មិនចេះអក្សរ និងភាសាចិន។ ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជាទទួលបានសន្តិភាព និងបានចាប់ផ្តើមអនុវត្តគោលនយោបាយបើកចំហរ ហើយសាលារៀនចិន អាចដំណើរការឡើងវិញ។ រហូតមកដល់ពេលនេះសាលារៀនចិន នៅទូទាំងប្រទេសកម្ពុជា មានចំនួន៥៧សាលា ដែលមានចំនួនសិស្សសរុបជិត ៥០,០០០នាក់។

អ្នកឧកញ៉ា តែ មាន បានបន្តថា ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលដ៏ធំបំផុត របស់សហគមន៍ចិននៅកម្ពុជា សមាគមសម្ព័ន្ធខ្មែរ-ចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចការផ្សេងៗរបស់សហគមន៍ចិន នៅកម្ពុជា សកម្មផ្សព្វផ្សាយវប្បធម៌ចិន អភិវឌ្ឍការអប់រំ ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រជាជនចិន និងជនជាតិចិន ប្រទេសកម្ពុជា ជំរុញទំនាក់ទំនង និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ពង្រឹងភាពស្អិតរមួតរបស់ប្រជាជនចិន និងជនជាតិចិន នៅកម្ពុជា និងបម្រើការងារផ្សេងៗ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកឧកញ៉ា តែ មាន បានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការសប្បុរសធម៌ខ្វនថឹម សម្រាប់កម្មវិធីសប្បុរសធម៌របស់ខ្លួន លោកសន្យាថា មូលនិធិគ្រូបង្រៀន និងអក្សរសាស្ត្រចិននៃសមាគមសម្ព័ន្ធខ្មែរ-ចិន នឹងប្រើប្រាស់ថវិកា ២មុឺនដុល្លាអាមេរិក ដែលបរិច្ចាគដោយអង្គការសប្បុរសធម៌ខ្វនថឹមនេះឱ្យមានប្រសិទ្ធភាព សម្រាប់ផ្តល់ជំនួយចាំបាច់ដល់ការអប់រំភាសាចិន នៅកម្ពុជា៕