(បាត់ដំបង)៖ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ចូលរួមបើកសិក្ខាសាលា ផ្សព្វផ្សាយគោលនយោបាយជាតិ ប្រជាជន ២០១៦-២០៣០ នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងនោះក៏មានការចូលរួមពី លោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ក្នុងខេត្ត មន្រ្តីមន្ទីរផែនការមកពីខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ជាច្រើនរូប ដែលសហការជាមួយអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍផងដែរ។
បន្ទាប់ពី លោក ច័ន្ទ សុផល អភិបាលខេត្ត បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ក្នុងអង្គសិក្ខាសាលា ស្តីពីភាពរីកចម្រើនលើគ្រប់វិស័យ និងកំពុងអភិវឌ្ឍន៍ ជាបន្តបន្ទាប់បន្ថែមទៀត ឲ្យកាន់តែស្រស់បំព្រង និងបានទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា កាន់តែច្រើនឡើងៗរៀងរាល់ថ្ងៃ។
លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានឲ្យដឹងថា ក្នុងអង្គសិក្ខាសាលា ស្តីពីកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនកម្ពុជា ក្នុងចន្លោះឆ្នាំ២០១៦-២០៣០ ដែលបាននឹងកំពុងរៀបចំផ្សព្វផ្សាយការងារនេះ ដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំមន្រ្តីរាជការទូទៅគ្រប់ខេត្ត បានដឹង និងអនុវត្តផែនការនេះ បានល្អប្រសើរ និងប្រកាសបើកអង្គសិក្ខាសាលា ប្រគល់ជូនគ្រូឧទ្ទេសចាប់ផ្តើមបន្តផ្សព្វផ្សាយតទៅ៕