(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបន្តយុទ្ធនាការបិតចំណាំងផ្លាត ដល់គោយន្តកន្ត្រៃ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងស្រុកស្ទោង ដោយសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ យុទ្ធនាការនេះធ្វើឡើង ដើម្បីណែនាំអប់រំដល់ម្ចាស់គោយន្តកន្ត្រៃ និងម៉ូតូ រឺម៉ក់ដោយឥតគិតថ្ងៃ។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានបញ្ជាក់ថា ការដាក់ចំណាំងផ្លាតដល់គោយន្តកន្ត្រៃមានចំនួន១០៣គ្រឿង និងម៉ូតូរឺមក់ចំនួន៣៤គ្រឿង ដែលស្ថិតក្នុងឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង និង ឃុំទ្រា ហើយចំណាំងផ្លាតដែលត្រូវបិត ជូនដល់ម្ចាស់គោយន្តកន្ត្រៃ និងអប់រំដល់ពួកគាត់។
លោកថា «ការបិតនេះផ្តួចផ្តើមឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្រសួងតម្រូវឲ្យគោយន្តបិតគ្រប់ខេត្ត-ក្រុង តែម្តងក្នុងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចែកចំណាំងផ្លាតដល់រដ្ឋបាលស្រុកមានចំនួន១០,០០០សន្លឹក»។
លោកបានបញ្ជាក់ទៀតថា នៅក្នុងស្រុកស្ទោង មានគោយន្តកន្ត្រៃយ៍ចំនួន២៦៩១គ្រឿង គោយន្តកែច្នៃចំនួន១០៧ គ្រឿង និងម៉ូតូ រឺម៉ក់ចំនួន៣២៦គ្រឿង។ លោកបានបញ្ជាក់ថា «ក្នុងការបិតចំណាំងផ្លាតនេះនេះ ពុំបានឲ្យម្ចាស់គោយន្តគិតថ្លៃទេ ហើយចំណាំងផ្លាតនេះ ទិញមកប្រទេសចិនវាមានប្រសិទ្ធភាពណាស់ គោយន្តពេលដែលបានបិតចំណាំងប្លាតនេះ ហើយនៅពេលយប់ ពេលដែលហ្វារថយន្តចាំងចំ ចំណាំងផ្លាតនេះវាចេញពន្លឺជាសញ្ញាប្រាប់ថា មានគោយន្តនៅពីមុខ វាអាចជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ នៅពេលយប់បានច្រើន»។
លោក គង់ វិមាន បានថ្លែងថា ដើម្បីចូលរួមទប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ទាមទារ ឲ្យយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចណ៍ បើកបរគ្រប់យានយន្តដោយមានការអនុគ្រោះគ្នាទៅវិញទៅមក ហើយការបិតចំណាំងផ្លាតនេះអាចជួយឲ្យបងប្អូនបើកបរគោយន្ត ម៉ូតូរម៉កនៅពេលយប់ បញ្ចេញពន្លីភ្លឺច្បាស់ងាយស្រួលអ្នកបើកបរ ផ្សេងទៀតមើលឃើញ។
លោកអភិបាលរង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបិតចំណាំងប្លាតនេះ ត្រូវបើកបរក្នុងល្បឿនដែលរដ្ឋបានកំណត់ បើកបរមិនត្រូវផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋមិនទាន់បានមកបិទត្រូវទៅយកស្ទីកគ័រ តាមអាជ្ញាធរមូលដ្ឋាន និងជួយថែរក្សាការពារចំណាំងផ្លាតឲ្យបានយូរអង្វែង។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរង ក៏បានជំរុញប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាត្វកិច្ចជាពលរដ្ឋ៕