(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញសំណេះសំណាល និងជូនដំណើរគណៈប្រតិភូមុស្លិមកម្ពុជាចំនួន១៩នាក់ ទៅបំពេញកាតព្វកិច្ចប្រារព្ធបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាជើងចុងក្រោយ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្រាប់កម្ពុជានាឆ្នាំ២០២៤នេះ ការចេញដំណើរទៅធ្វើបុណ្យហាជ្ជ បានចាប់ផ្តើមពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដោយក្នុងម្នាក់ៗចំណាយថវិកាប្រមាណ ៦០០០ដុល្លារ ដែលគិតសរុបចំណាយអស់ប្រមាណ៥.៥លានដុល្លារ ខណៈឆ្នាំនេះមានចំនួនសរុប៩១០នាក់។

នាឱកាសនោះ លោកបណ្ឌិត បានថ្លែងថា សាសនិកឥស្លាមកម្ពុជាទទួលបានព្រះរាជទានពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអូ៊ឌ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត ជាភ្ញៀវរបស់ព្រះអង្គចំនួន២០នាក់ សម្រាប់ឆ្នាំ២០២៤ ប៉ុន្តែដោយសារមានបញ្ហាបច្ចេកទេសទើបបានចេញដំណើរនាពេលនេះតែ១៩នាក់ ដែលនឹងបំពេញកាតព្វកិច្ចបុណ្យហាជ្ជនេះរយៈពេល២សប្តាហ៍។

លោកថ្លែងបញ្ជាក់ថា នេះក៏ដោយសារប្រជាពលរដ្ឋមានលទ្ធភាព និងមានជីវភាពធូធារ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត ដែលកំពុងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ហើយបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រកបមុខរបរទទួលទាន។

លោក អូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបង្កលក្ខណៈងាយស្រួលដល់សហគមន៍ឥស្លាម ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ និងកិច្ចការផ្សេងៗទៀត ហើយក៏អរគុណដល់ ព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអូ៊ឌ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានព្រះរាជទានការទៅធ្វើបុណ្យហាជ្ជនាពេលនេះ ដល់សាសនិកឥស្លាមកម្ពុជា ក៏ដូចជាផ្តល់ជំនួយផ្សេងៗ នាពេលកន្លងមក។

លោកបានៀផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជទាំងអស់ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។

នៅឆ្នាំ២០២៤នេះ ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីន បានព្រះរាជទានដល់សាសនិកឥស្លាមនៅលើពិភពលោកទៅធ្វើបុណ្យហាជ្ជចំនួន២៣២២ មកពីបណ្តាប្រទេសចំនួន៨៨ ខណៈការផ្តល់ព្រះរាជទាននេះ បានចាប់ផ្តើមអស់រយៈពេលប្រមាណ២៦ឆ្នាំហើយ ដោយមានសាសនិកឥស្លាមចំនួន៦ម៉ឺននាក់។ ក្នុងចំណោមចំនួន ២៣២២នាក់ខាងលើ ក្នុងនោះ មានប្រជាជនប៉ាឡេស្ទីនចំនួនប្រមាណ១ពាន់នាក់។

សម្រាប់ឆ្នាំ២០២៤ អារ៉ាប៊ីសាអ៊ូឌីត បានត្រៀមព្រលានយន្តហោះចំនួន៥កន្លែង ដើម្បីទទួលជើងយន្តហោះជាង១៥០យន្តហោះ មកពីជាង១០០ប្រទេស ដឹកអ្នកធ្វើធម្មយាត្រាហាជ្ជ១.២លាននាក់ និងក្នុងស្រុក១២០ពាន់នាក់។ ការប្រារព្វបុណ្យហាជ្ជីនៅទីក្រុងពិសិដ្ឋម៉ាក្កះ នៃប្រទេសអារ៉ាប៊ីសាអូឌីត គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចឥស្លាមទាំង៥ ចំពោះអ្នកមានលទ្ធភាព និងសមត្ថភាព ដោយទទួលបានផលបុណ្យយ៉ាងច្រើនលើសលប់៕