(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ព្រោះបច្ចុប្បន្ននេះ មានចលនាគាំទ្រកសិផលក្នុងស្រុកបានរីកសាយទូលំទូលាយណាស់ ត្រឹមមួយចម្ការពីរ ផុសតែកន្លះម៉ោងលក់ដាច់អស់បាត់ទៅហើយ តែសូមកុំតែបោកប្រាស់ដល់ទឹកចិត្តអ្នកទិញដែលខំអាណិត ហើយជួយផ្សព្វផ្សាយជួយទិញទៅបានហើយ។

ការលើកឡើងបែបនេះ របស់លោក ឃឹម ហ្វីណង់ ស្របពេលដែលម្ចាស់ Facebook ឈ្មោះ «ហម សាវឿត» បានបង្ហោះសារពាក់ព័ន្ធតម្លៃទីផ្សារត្រប់ លក់ចេញត្រឹមតែ៣០០រៀល ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម មានការភ័ន្តច្រឡំ។

ជាការលើកឡើងបន្ថែមលោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ដោយសារតែមិនទទួលបានចម្លើយតប អញ្ចឹងមានតែផុសនៅទីនេះតែម្តង ក្រែងឆាប់បានលឺដល់ម្ចាស់ចម្ការជាង។ យើងពិតជាមិនអាចប្រតិកម្មទៅលើគ្រប់រឿងពាក់ព័ន្ធនឹងទីផ្សាររបស់កសិផលនោះទេ ម្យ៉ាងទៀតផ្លែត្រប់ក៏មិនមែនជាដំណាំយុទ្ធសាស្ត្រដែលចាំបាច់អីខ្លាំងនោះដែរ តែអ្វីដែលបារម្ភនោះគឺ ខ្លាចមានអ្នកយករឿងបែបនេះមកផុសលេងសើច ព្រោះសញ្ញាជាច្រើនហាក់បង្ហាញថា ម្ចាស់ចម្ការមានចេតនាត្រឹមចង់ធ្វើឱ្យគេផ្អើល និងអាណិតតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងយ៉ាងដូច្នេះថា៖ «កន្លងមក ក៏មានករណីត្អួញត្អែរឱ្យគេជួយទិញនៅលើហ្វេសបុកផងដែរ ដល់ពេលលក់អស់ហើយ ក៏រត់ទៅយករបស់ពីកន្លែងដទៃមកលក់បន្តធ្វើជាមុខរបរតែម្តង ស្រួលមិនស្រួលយករបស់នាំចូលមកលក់បន្តឱ្យទៀត។ សង្ឃឹមថាករណីនេះមិនដូច្នេះទៅចុះ ព្រោះបច្ចុប្បន្ននេះ មានចលនាគាំទ្រកសិផលក្នុងស្រុកបានរីកសាយទូលំទូលាយណាស់ ត្រឹមមួយចម្ការពីរ ផុសតែកន្លះម៉ោងលក់ដាច់អស់បាត់ទៅហើយ តែសូមកុំតែបោកប្រាស់ដល់ទឹកចិត្តអ្នកទិញដែលខំអាណិត ហើយជួយផ្សព្វផ្សាយជួយទិញទៅបានហើយ»៕