(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសឱ្យចូលកាន់តំណែងក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ដោយអនុលោមតាមមាត្រា៦២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត សូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ដើម្បីបន្ត ដឹកនាំខេត្តត្បូងឃ្មុំ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោកបណ្ឌិត បានលើកឡើងថា ក្នុងនាមជាសមាជិក សមាជិកា ក្រុមប្រឹក្សា ដែលជាប់ឆ្នោតបើទោះបីជាមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែតាមគោលការណ៍ច្បាប់រៀបចំអង្គការបានកំណត់ថា «ក្រុមប្រឹក្សា» គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល។ លើសពីនេះ ទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាល ថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត ដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិត បទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ច ការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្នុងការអនុវត្តការងារសមាជិក សមាជិកាក្រុម ប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវ ប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា តាមរយៈការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ រដ្ឋបាល ថ្នាក់ក្រោមជាតិ បានក្លាយជាស្ថាប័នដែលមានរចនាសម្ព័ន្ធប្រព័ន្ធអភិបាល នីតិវិធីបំពេញការងារ មានសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្បាស់លាស់ និងប្រកបដោយភាព ជាម្ចាស់ការក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

បន្ថែមពីនេះ លោកបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យក អាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាពទាំង៦ និងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ៕