(សៀមរាប)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការ
ងារចុះមូលដ្ឋានស្រុកសូទ្រនិគម នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្នារពោធិ៍ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។
ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនឃុំខ្នារពោធិ៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក សមាជិកគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការគណបក្សស្រុកសូទ្រនិគម រួមទាំងសមាជិក សមាជិកាគណបក្សភូមិទាំង៩ ក្នុងឃុំខ្នារពោធិ៍ជាច្រើននាក់។
បន្ទាប់ពីបានអានសេចក្តីសម្រេចស្ដីពីសមាសភាពក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍ដោយលោក គឹម វណ្ណៈ អភិបាលនៃគណ:អភិបាលស្រុកសូទ្រនិគមរួចទៅនោះ លោកបណ្ឌិត សឹង សំណាង បានប្រគល់សេចក្តីសម្រេច ស្តីពីការចាត់តាំងសមាសភាពក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍ជូនលោក គង់ មុនី ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍ និងសមាសភាពប្រធានក្រុមការងារចុះជួយភូមិទាំង៩ ក្នុងឃុំខ្នារពោធិ៍។
លោកបណ្ឌិត សឹង សំណាង បានថ្លែងក្នុងពិធីនោះថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយបក្សដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។
លោកបណ្ឌិតបានបញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋាន ត្រូវមានរបៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារ ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលពិតប្រាកដ។ ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើការងារជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវខ្ពស់ មានភាពម្ចាស់ការ ដែលចាំបាច់នោះត្រូវចុះដល់មូលដ្ឋានតាមផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
លោកបណ្ឌិតបានបន្តទៀតថា ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋាន គឺចុះជួយដោយស្មារតីផ្តល់នូវគំនិតកែច្នៃ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ ជាពិសេសកម្លាំងយុវជន គឺជាកម្លាំងបន្តវេននាពេលអនាគត ដែលត្រូវយកចិត្តទុកដាក់ថែទាំយុវជន យុវនារី និងត្រូវចែករំលែកបទពិសោធន៍ដឹកនាំរបៀបរបបការងារនានា ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងបន្តវេននេះមានសក្ដានុពលក្នុងការដឹកនាំឈានមុខ និងចុះជួយប្រជាជនជាប្រចាំ។
គោលការចម្បង គឺបន្តជំរុញការងារចាត់តាំងក្រុមការងារចុះមូលដ្ឋានឃុំ និងត្រូវរៀបចំកែសម្រួលសមាភាពក្រុមការងារចុះមូលដ្ឋានឃុំ ដោយអនុវត្តតាមគោលការណ៍ស្រុកគ្រប់គ្រងឃុំ ឃុំគ្រប់គ្រងភូមិ ភូមិគ្រប់គ្រងក្រុមបក្ស ក្រុមបក្សគ្រប់គ្រងសមាជិកគណបក្ស។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង និងក្រុមការងារចុះជួយភូមិសំរោង បានចុះពិនិត្យ និងនាំយកថវិកាដែលជាការចូលរួមពីលោកបណ្ឌិត សឹង សំណាង និងក្រុមការងារចជួយមូលដ្ឋានភូមិសំរោង សម្រាប់ការជួសជុល និងក្រាលកម្រាលឥដ្ឋការ៉ូចំនួន៤ថ្នាក់ និងរៀបចំទីចាត់ការជូនលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាសំរោង ក្រោមបរិយាកាសសប្បាយរីករាយ៕