(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធានាជាដាច់ខាតទប់ស្កាត់មិនឱ្យមានការលួចចូលកាប់ទន្ទ្រានដីព្រៃជាថ្មី នៅចំណុចភ្នំក្រឡាពស់ ឃុំតាឡាត ស្រុកសេសាន បន្ទាប់ពីដកហូតពីក្រុមជនខិលខូច។

ការដាក់បទបញ្ជាយ៉ាងដូចនេះរបស់លោកអភិបាលខេត្តស្ទឹងត្រែង បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួនឧបត្ថម្ភជូនដល់កងកម្លាំងឈរជើងនៅចំណុចតំបន់ក្រឡាពស់ ភូមិសាសស្រ្តឃុំតាឡាត ស្រុកសេសាន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

គួរឱ្យដឹងថាក្រោមបទបញ្ជាដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឱ្យក្រុមអន្តរាគមន៍ពិសេសដឹកនាំដោយលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចធិបតី សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំក្រុមការងារចុះអនុវត្តដកហូតដី ដែលកាន់កាប់ទន្រ្ទានអនាធិបតេយ្យដោយខុសច្បាប់ នៅចំនុចភ្នំក្រឡាពស់ ភូមិសាស្រ្តស្រុកសេសានជាង ៧ពាន់ហិកតា និងរំដោះដីជាង៥ពាន់ហិកតាដែលជាទិសដៅរៀបចំផែនការកាប់ទន្រ្ទានជាបន្តបន្ទាប់ដើម្បីកៀងគរប្រជាពលរដ្ឋជាច្រើនគ្រួសារទៅរស់នៅ ត្រូវបានដកហូតទុកជាសម្បត្តិរដ្ឋវិញដោយយុទ្ធនាការដកហូត ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ក ន្លងទៅនេះ។

ស្របពេលចុះសួរសុខទុក្ខកងកម្លាំង អភិបាលខេត្តបានគូសញ្ជាក់ថា យោងតាមបទបញ្ជាពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងយោងតាមវិធានការចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីការពង្រឹងការទប់ស្កាត់ ការកាប់ទន្រ្ទានដីព្រៃរដ្ឋដោយខុសច្បាប់ គឺត្រូវតែគ្រប់គ្រងដីនេះឱ្យធានានិរន្តរភាព។

 លោកអភិបាលខេត្តបានឱ្យដឹងថា ទីតាំង២ ដែលធ្វើការទប់ស្កាត់ ដែលទីតាំងទី១ នៅចំណុចអូរវល្លិ៍ប្រាំដំឡឹង ភូមិសាស្រ្តឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងទីតាំងទី២ ចំណុចឃុំក្រឡាពស់ ភូមិសាស្រ្តឃុំតាឡាត ស្រុកសេសាន ដែលបានធ្វើការទប់ស្កាត់ និងសំអាតបានជោគជ័យ ហើយជនកាន់កាប់ទន្រ្ទានដោយខុសច្បាប់បានចាក់ចេញដោយសន្តិវិធី គឺមិនអនុញ្ញាតឱ្យមានការចូលទៅតាំងទីលំនៅជាថ្មីឡើយ ដែលចាំបាច់ដាក់កងកំលាំងឈរជើង មិនអនុញ្ញាតឱ្យអ្នកប្លែកមុខចូលចំនុចនេះ តែដោយឡែកអ្នកភូមិដែលរស់នៅទីនេះគឺអាចចេញចូលធម្មតា។

សម្រាប់ប្រតិបត្តិការនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់វិធានការក្តៅ និងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសដុតបំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ ដោយមិនមានការលើកលែង ចំពោះមេខ្លោងណាមួយនោះឡើយ។

ក្នុងការអនុវត្តបទបញ្ជានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានចាត់តាំងបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ដឹកនាំក្រុមការងារចុះប្រតិបត្តិការផ្ទាល់ រួមគ្នាជាមួយលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង គណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងចម្រុះ ចុះអនុវត្តប្រតិបត្តិការយ៉ាងក្តៅគគុកវែករកមុខមេខ្លោង និងជនល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ នៅក្នុងខេត្តស្ទឹងត្រែងឱ្យខាងតែបាន។

អំណោយដែលនាំទៅប្រគល់ជូនដល់កងកម្លាំងឈរជើងនេះរួមមាន៖ គ្រឿងឧបភោគ បរិភោគ តង់កៅស៊ូ និង ឧបត្ថម្ភថវិកា ជូនដល់កងកម្លាំងឈរជើងទី១ ចំនួន ២,២០០,០០០រៀល ហើយកម្លាំងឈរជើងទី២ ទទួលបានតង់កៅស៊ូ គ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភចំនួន ៣,៧០០,០០០រៀល៕