(ឧត្តរមានជ័យ)៖ ក្រុមក្មេងទំនើងចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសំរោង សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយក្រុមក្មេងទំនើងទាំងនេះ ប្រើអំពើហិង្សាដោយកាំបិត កាប់ទៅលើជនរងគ្រោះម្នាក់ នៅចំណុចភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង២៖០០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះថា ដោយទទួលបទបញ្ជាយ៉ាងមុឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកបានដឹកនាំកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញា ឈានដល់ការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន០៥នាក់ និងដកហូតបានវត្ថុតាងមានកាំបិតខ្វែវចំនួន ០២ដើម និងកាំបិតបុ័ងតោចំនួន ០១ដើម។

បើតាមលោកអធិការនគរបាលក្រុងសំរោង បានបញ្ជាក់បន្ថែមថា ការឈានដល់ការប្រើអំពើហិង្សាដោយប្រើកាំបិតកាប់ទៅលើជនរងគ្រោះនោះ គឺដោយសាមូលហេតុគំនុំ ដោយក្រុមក្មេងទំនើងជាជនសង្ស័យខាងលើ មានគំនុំជាមួយជនរងគ្រោះ សង្ស័យថាជនរងគ្រោះជាអ្នករាយការណ៍ទៅសមត្ថកិច្ចរឿងដែលបានកើតឡើងកន្លងមកលើក្រុមគ្រួសារខ្លួន ទើបគ្រាន់តែឃើញមុខជនរងគ្រោះភ្លាម ក៏ប្រើអំពើហិង្សាវាយដំ និងរត់ទៅយកកាំបិតមកកាប់លើជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕