(ឧត្តរមានជ័យ)៖ ព្រឹត្តិការណ៍ជិះកង់មិត្តភាពលើកទី២ ប្រចាំឆ្នាំ២០២៤ រវាងខេត្តត្តរមានជ័យ នៃប្រទេសកម្ពុជា និងខេត្តសុរិន្ទ ខេត្តសុីសាកេត របស់ប្រទេសថៃ បានចាប់ផ្តើមនាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ព្រឹត្តិការណ៍ជិះកង់មិត្តភាពនេះ បានធ្វើឡើងក្រោមការដឹកនាំចូលរួមពីលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត ដោយមានអ្នកចូលរួមជាង ៣០០នាក់ទៀត ដោយឡែកភាគីថៃ ដឹកនាំដោយលោក ភី ចិត្តប៊ុនថាំ អភិបាលរងខេត្តសុរិន្ទ និងលោកឧត្តមសេនីយ៍ត្រី ណាត់ សុីអុីន មេបញ្ជាការរងកងពលតូចលេខ៦ សុរះនារី និងអ្នកចូលរួមជាង ៧០០នាក់ទៀត។

ព្រឹត្តិការណ៍ជិះកង់មិត្តភាពលើកទី២ ប្រចាំឆ្នាំ២០២៤នេះ គឺចាប់ផ្តើមចេញដំណើរពីច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោង ឆ្ពោះមកកាន់ទីរួមស្រុកអន្លង់វែង រួចបន្តដំណើត្រឡប់ទៅកាន់ប្រទេសថៃវិញ តាមច្រកអន្តរជាតិជាំ។ ព្រឹត្តិការណ៍នេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងល្អរវាងប្រទេសទាំង២ (កម្ពុជា-ថៃ) ពិសេសខេត្តជាប់ព្រំដែន ឧត្តរមានជ័យ សុរិន្ទ និងសុីសាកេត៕