(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៨ កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើងឈ្មោះ កាកាច (KKB) មានគ្ន ចំនួន៦នាក់ បានធ្វើសកម្មភាពវាយទាត់ធាក់ទៅលើជនរងគ្រោះចំនួន២នាក់ នៅចំណុចផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០០៖៣០នាទី ហើយក្រុមក្មងទំនើងខាងលើក៏បានវាយបំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតចំនួន១គ្រឿង រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតួគេចខ្លួនអស់។

ក្រោយមកកម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឈ្មោះ រិទ្ធ សីហា ភេទប្រុស អាយុ២០ឆ្នាំ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្ត នៅចំណុចផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៦១៨ មាត្រា៤១០ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។

ជាមួយគ្នានេះ អ្នកនាំពាក្យតំណាងអយ្យការ ក៏បានបង្ហាញចំណាត់ការមួយករណីទៀត របសក្រុមក្មេងទំនើងឈ្មោះ កាកាច (KKB) មានគ្នា ចំនួន១៥នាក់ ប្រដាប់ដោយដាវកែច្នៃចំនួន ០៣ ដើម និងកាំបិតប៉័ងតោចំនួន១ដើម បានធ្វើសកម្មភាពកាប់ទៅលើក្រុមក្មេងទំនើងមួយក្រុមទៀតឈ្មោះ ក្រុមម៉ា មានគ្នាចំនួនប្រហែល១០នាក់ បណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសស្រាល នៅចំណុចផ្លូវបេតុង កែងផ្លូវ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងខាងលើក៏បានកាប់បំផ្លាញទៅលើម៉ូតូរបស់ ជនរងគ្រោះបណ្តាលឲ្យខូចខាតចំនួន២គ្រឿង រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។

ក្រោយមកកម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១៖ឈ្មោះ មុន បញ្ញា អាយុ១៦ឆ្នាំ, ២៖ឈ្មោះ រក្ស សុភក្ត្រា អាយុ១៤ឆ្នាំ, ៣៖ឈ្មោះ សុខ សុផាន អាយុ២០ឆ្នាំ និង៤៖ឈ្មោះ ឆាយ ធឿន អាយុ១៧ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៤នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង កែងផ្លូវ១០១៨ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២១៨ មាត្រា៤១០ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ៕