(តូក្យូ)៖ គណបក្សប្រជាធិបតេយ្យ DP ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅក្នុងប្រទេសជប៉ុន បានបោះឆ្នោតជ្រើសរើសតំាងស្រ្តីម្នាក់ជាលើកដំបូងបំផុត ឱ្យធ្វើជាប្រធានគណបក្ស ជាមួយនឹង សំឡេងគាំទ្រដ៏ច្រើនលើសលប់។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
លោកស្រី Renho មានអាយុ ៤៨ឆ្នាំ បានទទួលការគំាទ្រ៥០៣សំឡេង ក្នុងចំណោមសន្លឹកឆ្នោត សរុបចំនួន៨៤៩ ពីសមាជិកបក្ស ខណៈគូប្រជែងរបស់លោកស្រី គឺអតីតរដ្ឋមន្រី្តការបរទេសលោក Seiji Maehara បានទទួលការគំាទ្រ ២៣០សំឡេង និងសមាជិកសភាលោក Yuichiro Tamaki ទទួលបាន ១១៦សំឡេង។
គួរបញ្ជាក់ថា លោកស្រី Renho ដែលធ្លាប់ធ្វើជាតារាម៉ូដែល និងពិធីការិនីទូរទស្សន៍បានជាប់ឆ្នោត ជាសមាជិកសភាជាន់ខ្ពស់របស់ជប៉ុនចាប់ពីឆ្នាំ២០០៤ ហើយលោកស្រីក៏ធ្លាប់បានបម្រើការងារជារដ្ឋមន្រ្តី កំណែទម្រង់រដ្ឋបាលនៅ អំឡុងពេលគណបក្ស DP ដឹកនំារដ្ឋាភិបាលនៅចន្លោះឆ្នាំ ២០០៩-២០១២ ផងដែរ។
គណបក្សប្រជាធិបតេយ្យ DP ត្រូវបានបង្កើតឡើងកាលពីខែមីនាកន្លងទៅ តាមរយៈការរួមបញ្ចូលគ្នា នៃគណបក្ស Ishin No To និងគណបក្សប្រជាធិបតេយ្យជប៉ុន(DPJ)។ លោកស្រី Renho នឹងកាន់តំណែងជាប្រធានបក្សរហូតដល់ ខែកញ្ញា ឆ្នាំ២០១៩៕