(ភ្នំពេញ)៖ កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានរកឃើញ ម្ចាស់ជ័យលាភីឆ្នើមចំនួន៣រូប ដោយលេខ១ បានទៅលើ សិប្បកម្មគ្រាប់ស្វាយចន្ទីចំការលើ ឡឹង ម៉ានុត, ម្ចាស់ជ័យលាភីលេខ២ បានទៅលើសហគ្រាស ៣កូអេកូ និង ម្ចាស់ជ័យលេខ៣ បានទៅលើសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បន្ទាប់ពីបានប្រកួតអស់៣ជុំ និងឆ្លងកាត់ការវាយតម្លៃគុណភាពផលិតផល។

ការប្រកាសលទ្ធផលម្ចាស់ជ័យលាភីស្វាយចន្ទីឆ្នើមឆ្នាំ២០២៤រៀបចំឡើងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ មានសិប្បករចូលរួមប្រកួតចំនួន ២០រូប ដោយបានឆ្លងកាត់ការប្រកួតប្រជែង៣ដំណាក់កាល។ ជុំទី១បានធ្វើឡើងនៅខេត្តសៀមរាប បន្ទាប់មកនៅជុំទី២ជម្រុះនៅសល់ត្រឹម ១០រូប និងចុងក្រោយដែលជាវគ្គផ្តាច់ព្រ័ត្រសល់ចំនួន ៥រូប ដើម្បីប្រកួតប្រជែងយកចំណាត់ថ្នាក់លេខ ១ លេខ២ និងលេខ៣ដែលជាអ្នកកែច្នៃឆ្នើមជាងគេ។
ថ្លែងក្នុងពិធីបិទ«កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤» លោក អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកការប្រឡងប្រជែងនេះ ថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបាន បង្កើតនូវឱកាសសម្រាប់សហគ្រាស សិប្បករ រោងចក្រ អ្នកកែច្នៃទាំងអស់ឱ្យបានចូលរួមប្រកួតប្រជែង ដោយបានជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈបច្ចេទេសកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួត ប្រជែងទីផ្សារ និងការបន្ថែមរសជាតិ លើផលិតផលគ្រាប់ស្វាយចន្ទីជាដើម។
សូមរំលឹកថា កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត ,ជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាបច្ចេកទេសការកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ច ការកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមជាតិលើផលិតផលគ្រាប់ស្វាយចន្ទី៕