(កំពង់ស្ពឺ)៖ អតីតបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ របស់គណបក្សភ្លើងទៀននៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន០៤រូប បានសម្រេចចិត្តដើរចេញពីបក្សដែលខ្លួនធ្លាប់ធ្វើសកម្មភាពនយោបាយជាមួយ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ជាមួយនឹងការប្រកាសផ្តាច់ខ្លួនចេញពីគណបក្សដែលធ្លាប់រួមរស់អស់ជាច្រើនឆ្នាំមកនោះ អតីតសកម្មជនទាំង ៤រូបនេះ ក៏បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលពួកគាត់មិនអាចទទួលយកបានឡើយ។

អតីតបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ របស់បក្សភ្លើងទៀននៅជាំសង្កែ ដែលដើរចេញពីបក្សនេះ រួមមាន៖ ឈ្មោះ វណ្ណ យឺន, ឈ្មោះ ឯក គុណ, ឈ្មោះ ប៊ី ឆយ និងឈ្មោះ នាង នី។ អតីតរបស់បក្សភ្លើងទៀននៅឃុំជាំសង្កែទាំង៤រូបនេះ សុទ្ធសឹងជាបុគ្គល ដែលធ្វើសកម្មភាពយ៉ាងសកម្មជួយកិច្ចការនយោបាយរបស់បក្សប្រឆាំងយូរឆ្នាំមកហើយ។ ពួកគេបានសម្រេចចិត្តដើរចេញពីបក្សនេះ ក៏ព្រោះតែបាត់បង់ជំនឿចិត្តចំពោះការដឹកនាំ និងដំណើរជីវិតរបស់បក្សប្រឆាំង ដែលបែកបាក់សាមគ្គី ប្រកាន់បក្ខពួក និងខ្វះតម្លាភាពលើការដឹកនាំជាដើម។

បន្ថែមពីលើនោះ ការប្រកាសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់ លោក សម រង្ស៉ី ជាចំណែកធំមួយ ដែលនាំឱ្យពួកគេសម្រេចដើរចេញពីបក្សប្រឆាំងផងដែរ។ ពួកគេចាត់ទុកការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតដ៏ខុសឆ្គង ជាគំនិតក្បត់នឹងប្រយោជន៍របស់ជាតិទាំងស្រុង។

ក្រៅពីសម្រេចចិត្តដើរចេញពីបក្សប្រឆាំង ដែលធ្លាប់រួមរស់ជាមួយហើយនោះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននៅឃុំជាំសង្កែ ទាំង៤រូបនេះ ក៏បានសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ ពួកគេយល់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍ជាតិ ជាបង្អែករឹងមាំធានាសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាទុនមិនអាចខ្វះបានក្នុងកិច្ចកសាងជាតិ៕