(រតនគិរី)៖ លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន សមាគមនារី នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជាមួយសមាជិកា របស់សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តរតនគិរី ដែលបានធ្វើឡើងនៅសាលប្រជុំគណបក្ស ក្រុងបានលុង។
បន្ទាប់ពី លោកស្រី កែវ សាវឿន ប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរបាយការណ៍សង្ខេបរបស់សមាគម រួចមក ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា ជូនចំពោះបងប្អូននារីសមាគមខេត្តរតនគិរី ផងដែរ។
ជាមួយគ្នានោះដែរលោកស្រីឧបនាយករដ្ឋមន្ដ្រី បានលើកឡើងពី កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយឡែកវិស័យកិច្ចការនារី ក៏ត្រូវបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។
ក្នុងឱកាសនេះ ឧបយករដ្ឋមន្ដ្រី ក៏បានផ្តាំផ្ញើរដល់បងប្អូននារី ក្នុងខេត្ត ក៏ដូចជាក្នុងសមាគម ត្រូវសាមគ្គីគ្នា ស្រលាញ់គ្នា រាប់អានគ្នា ក្នុងមហាគ្រួសារនារីកម្ពុជាដើម្បី បន្តលើកកម្ពស់សិទ្ធិតួនាទីស្ត្រី ហើយឧបនាយករដ្ឋមន្ដ្រី ក៏បានធ្វើការអំពាវនាវ ដល់បងប្អូននារីទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោត និងបំផុសចលនាដល់ក្រុមគ្រួសារសាច់ញាតិ ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បើទោះបីជាមានឈ្មោះបោះឆ្នោតហើយក៏ដោយ៕