(ភ្នំពេញ)៖ ក្រោយច្រៀងជាង៣ម៉ោង ផឹកអស់ស្រាពីរកេស គិតលុយអស់ជិត១,៧០០ដុល្លារ ជនជាតិចិនមួយក្រុមកើតការខឹងសម្បារក៏បាញ់រះចូលទីតាំងខារ៉ាអូខេយីហោ ហ្គេនធីង KTV រួចរត់គេចខ្លួនបាត់ តែសំណាងមិនមានមនុស្សណាម្នាក់រងឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៖៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងហាងខារ៉ាអូខេ ហ្គេនធីង KTV នៅតាមផ្លូវលេខ១០៧ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការបំភ្លឺរបស់ឈ្មោះ វណ្ណ ស្រីពេជ្រ អាយុ២១ឆ្នាំ បុគ្គលិកផ្នែកគិតលុយ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ កាលពីវេលាម៉ោង២១៖៤២នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ មានភ្ញៀវជនជាតិចិនមួយក្រុម ប្រមាណ១០នាក់ ទាំងអស់ជិះរថយន្តចំនួន៤គ្រឿង បានចូលមកច្រៀងខារ៉ាអូខេ នៅក្នុងបន្ទប់លេខVIP៨៨៨៨ ហេីយពួកគាត់បានកុម្ម៉ង់ស្រាបៀរ ថៃហ្គ័រ ឡាយដប ចំនួន២កេស។
ស្រ្តីរូបនោះបាននិយាយបន្តទៀតថា ពេលនោះខាងហាងបានយកជូនចំនួន២កេស ដោយពួកគាត់ផឹករហូតដល់វេលា ១២៖២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ទេីបពួកគាត់ឲ្យគិតលុយអស់ចំនួន១,៦៦៣ដុល្លារ ប៉ុន្តែហាងបានបញ្ចុះតំលៃឲ្យនៅសល់ត្រឹម១,៦០០ដុល្លារ។ លុះពេលដែលយកវិក្ក័យបត្រឲ្យ ពួកគាត់បានរអ៊ូថាថ្លៃណាស់ ក្រោយមកគាត់បានបាញ់លុយចំនួន១,៦០០ដុល្លារឲ្យមកខាងហាង។ បន្ទាប់មកទៀត ដល់វេលាម៉ោង០១៖៣០នាទីរំលងអាធ្រាត្រថ្ងៃដដែល ភ្ញៀវទាំងនោះបាននាំគ្នាចេញពីបន្ទប់ទាំងអស់គ្នា។
ក្រោយមកក្នុងចំណោម១០នាក់នោះ មាន២នាក់បានដេីរចូលមកក្នុងហាងវិញ ដោយមានម្នាក់កាន់អាវុធខ្លីពណ៌ខ្មៅ រួចភ្ជង់អ្នកនៅកន្លែងគិតលុយ និងកន្លែងផ្សែងៗទៀត បានមួយសន្ទុះក្រោយមកក៏បានដេីរចេញទៅខាងក្រៅវិញ រួចហើយក៏បានបាញ់រះសំដៅចូលក្នុងហាងខារ៉ាអូខេជាច្រើនគ្រាប់។ ហេតុការណ៍នោះ បានបណ្ដាលឲ្យធ្លុះធ្លាយ ទ្វារ និងបង្អួច កញ្ចក់ជាច្រើនកន្លែង ហើយក្រោយពេលបាញ់រួចក្រុមជនសង្ស័យក៏បានឡេីងឡានជិះចេញគេចខ្លួនទៅអស់ ហើយក្នុងចំណោមទាំង៤គ្រឿង ឡាននោះនាងបានស្គាល់១គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស មិនចាំស្លាកលេខ។
បច្ចុប្បន្នកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង៕