Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តកែប​ ដោយឥតគិតថ្លៃ

08-06-2024 16:43

(កែប)៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន១៣០នាក់ (ស្រី៧៥នាក់) បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងខេត្តកែប នៅបរិវេន សាលាអនុវិទ្យាល័យពងទឹក ស្ថិតក្នុងភូមិ រនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ពិធីចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី​ មានការចូលរួមជាអធិបតីភាព និងសំណេះសំណាលបើកពិធីដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនកា និងជាសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក​ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត​ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយ​ប្រតិភូអមដំណើរ​ ព្រមទាំងជួរថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធ វេជ្ជបណ្ឌិត​ជំនាញៗ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋមកព្យាបាលជំងឺ សរុបចំនួន​ ២៦៧៩នាក់, ស្រី១៧៦៥​នាក់​ ដែលអញ្ជើញមកពីភូមិទាំង១១ ទូទាំងខេត្តកែប។

នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាល ជំងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ នៅស្រុកដំណាក់ចង្អើរនាពេលនេះ។

លោកអភិបាលខេត្ត ក៏បានសំណូមពដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមអោយបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយក្រោយទៀត សំដៅលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។

លោកអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ ដ៏ល្អប្រពៃ ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្បៈចែករំលែកដ៏ល្អប្រពៃ។ ក្នុងនោះ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពអោយបានល្អ ព្រោះសុខភាពល្អ ជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

លោក លេង ផាលី បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះ​ និងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្នេកស្លាំ ជំងឺសន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម និងមានពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះជាដើម៕