(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញ ករណីភាពមិនប្រក្រតីនៃការអនុវត្តតួនាទី និងភារកិច្ចរបស់មន្រ្តី ក.ប.ប. ខេត្តកំពង់ឆ្នាំង។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តី ក.ប.ប. ខេត្តកំពង់ឆ្នាំង ចំនួន ៥រូប បានចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នៅពេលចុះអនុវត្តការងារ មន្រ្តី ក.ប.ប. បានរកឃើញទីតាំងលក់ទំនិញ ៣កន្លែង ដែលបានតាំងលក់ផលិតផលគ្រឿងសម្អាងមិនអនុលោម តាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដែលម្ចាស់ទំនិញត្រូវទទួលរងនូវការពិន័យអន្តរការណ៍ ស្របតាមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ប៉ុន្តែ នៅពេលអនុវត្តការងារ មន្រ្តីទាំង៥រូប ពុំបានអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធិនៃការពិន័យអន្តការណ៍ ដែលជាការប្រព្រឹត្តខុសនីតិវិធីច្បាប់ជាធរមាន។

ក្នុងករណីនេះ ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹងនិងធ្ងន់ធ្ងរ ចំពោះមន្រ្តីទាំង ៥រូប ស្របតាមបញ្ញត្តិនៃច្បាប់និងតាមទោសកំហុសដែលបានប្រព្រឹត្ត។

ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាប្រកាន់ខ្ជាប់ដាច់ខាត និងអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអភិក្រម «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់» ដោយមិនឱ្យមន្រ្តីរូបណាប្រព្រឹត្តល្មើសច្បាប់ និងបំពានគោលការណ៍ ឆ្លៀតឱកាសកេងចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ដល់អាជីវករ ពាណិជ្ជករ សេវាករ ឬប្រជាពលរដ្ឋជាអ្នកទទួលសេវាក្នុងវិស័យពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ផងដែរថា ការចុះបំពេញភារកិច្ចរបស់មន្រ្តី ក.ប.ប. គឺជាការបំពេញកាតព្វកិច្ចតាមច្បាប់ ក្នុងគោលបំណងដើម្បីទប់ស្កាត់នូវការចរាចរទំនិញក្លែងក្លាយ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ខូចឬគ្មានគុណភព គ្មានប្រភពច្បាស់លាស់ រំលោភកម្មសិទ្ធិបញ្ញា សំដៅការពារសុខភាព សុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាពឬអំពើទាំងឡាយដែលមិនសុចរិតក្នុងធុរកិច្ច ធានាឱ្យការប្រកួតប្រជែងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់។

ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ពាណិជ្ជករ អាជីវករ ទាំងអស់ សូមបន្តប្រកបអាជីវកម្មរបស់ខ្លួនជាធម្មតា ដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការពង្រឹងនីតិរដ្ឋ។ ប្រសិនបើមានមន្រ្តីឬបុគ្គលណា ចុះអនុវត្តភារកិច្ចរំលោភបំពាន ដើម្បីកឹបកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬមានចម្ងល់ពាក់ព័ន្ធនឹងការអនុវត្ត តួនាទីនិងភារកិច្ចរបស់មន្រ្តីក្រសួងពាណិជ្ជកម្ម សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់ក្រសួងពាណិជ្ជកម្ម ឬអគ្គនាយកដ្ឋាន ក.ប.ប. ដោយមិនគិតថ្លៃ តាមរយៈលេខទូរស័ព្ទ ១២៦៦ (MoC Call Center 1266)។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មានមន្ត្រីអង្គភាព ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះទៅកាន់ផ្សាររមាស ស្ថិតក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យលើមុខទំនិញនិងចំណីអាហារ ដែលដាក់តាំងលក់ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។ ប៉ុន្តែមន្ត្រីដែលចុះទៅនោះ បែរជានិយាយបំភ័យទៅកាន់ក្រុមអាជីវករថា ពួកគាត់ដាក់លក់ទំនិញអត់ពន្ធ និងត្រូវផាកពិន័យចំនួនច្រើន ធ្វើឲ្យក្រុមអាជីវករមានការភិតភ័យខ្លាចគេរឹបអូសឥវ៉ាន់ ដូចរឿងទូរសព្ទ នៅខេត្តត្បូងឃ្មុំ ក៏នាំគ្នាសុំសម្រួលបង់លុយ ដោយតូបទី ១បង់ចំនួន ៧០ម៉ឺនរៀល តូបទី ២បង់ចំនួន៥០ម៉ឺនរៀល និងតូបទី ៣បង់ ចំនួន១៥ម៉ឺនរៀល។ ក្រោយពីទទួលបានលុយចំនួន ១.៣៥០.០០០រៀលហើយនោះ ក្រុមមន្ត្រីទាំងនោះ ក៏បាននាំគ្នាចាកចេញទៅបាត់អស់ទៅ។

នៅពេលនោះក្រុមអាជីវករ នៅក្នុងផ្សាររមាសទាំងមូល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបាននាំគ្នាប្រញាប់ប្រញាល់រើឥវ៉ាន់បិទតូបស្ងាត់ឈឹងតែម្តង៕