(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់អំពីប្រសាសន៍សម្ដេចនៅក្នុងជំនួបជាមួយប្រធានសភាអ៊ុយក្រែនកន្លងទៅ ដែលសម្ដេចបានលើកឡើងថា៖ «[...] កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម។ [...] សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួម។ [...]»

សម្ដេចបានមានប្រសាសន៍បន្ថែមថា៖ «ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ»

ការសម្រេចចិត្តមិនចូលរួមសន្និសីទ «សន្តិភាពអ៊ុយក្រែន» ធ្វើឡើងនៅក្នុងពេលដែលមេដឹកនាំកម្ពុជាមើលឃើញថា សន្និសីទនេះនឹងគ្មានដំណោះស្រាយទេ ព្រោះភាគីជម្លោះមិនមានវត្តមាននៅក្នុងការជជែកពិភាក្សា។ អវត្តមានរបស់រុស្ស៊ី ដែលជាភាគីនៅក្នុងជម្លោះ បានបង្ហាញយ៉ាងច្បាស់ថា សន្និសីទនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រអ៊ុយក្រែន ដែលជាភាគីម្ខាងនៅក្នុងជម្លោះ ហើយទាត់ចោលនូវការចូលរួមរបស់រុស្ស៊ី ដើម្បីឈានទៅការឯកភាពដោះស្រាយបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃមួយនេះ។

នៅក្នុងទិដ្ឋភាពនេះ បានរំលេចឱ្យឃើញថា នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បណ្ដាប្រទេសមហាអំណាច ពិសេសបស្ចិមប្រទេសមិនព្រមដកថយជំហរ ឬបន្ទន់ឥរិយាបថ ឬផ្ដល់ការសម្បទានណាមួយដល់ភាគីក្នុងជម្លោះឡើយ។ ប៉ុន្តែបស្ចិមប្រទេសកាន់តែមានចេតនាបង្កើនការប្រឈមមុខថែមទៀត ពោលគឺ សន្និសីទមិនទាន់បានប្រារព្ធផង គេអាចមើលឃើញរួចទៅហើយថា លទ្ធផលនៃសន្និសីទនេះ គឺដើម្បីចង្អុលមុខរុស្ស៊ីផ្ទាល់តែម្ដង។

សម្រាប់ប្រទេសកម្ពុជា ការសម្រេចចិត្តប្រកាសមិនចូលរួមនៅក្នុងសន្និសីទសន្តិភាពអ៊ុយក្រែននេះ គឺជាការបញ្ជាក់បន្ថែមអំពីឯករាជ្យភាព និងអព្យាក្រឹតភាពរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យមួយ ពិសេសគឺជាការប្រកាសបញ្ជាក់បន្ថែមអំពីការគោរពគោលការណ៍មិនចូលបក្សសម្ព័ន្ធ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ «កម្ពុជានឹងមិនចូលរួមនៅក្នុងសម្ព័ន្ធភាពណាមួយ ដើម្បីប្រឆាំងប្រទេសមួយផ្សេងទៀតនោះឡើយ»

ការប្រកាសជំហរមិនចូលរួមក្នុងសន្និសីទ «សន្តិភាពអ៊ុយក្រែន» គឺជាការបង្ហាញជំហររបស់កម្ពុជា ដែលធ្លាប់បានបោះឆ្នោតប្រឆាំងនឹងអន្តរាគមន៍យោធារបស់រុស្ស៊ី លើអ៊ុយក្រែនរួចម្ដងហើយនោះថា កម្ពុជាមានជំហរនយោបាយផ្ទាល់របស់ខ្លួន ដែលមិនចំណុះឱ្យមហាអំណាច ឬបក្សសម្ព័ន្ធណាមួយឡើយ ដោយកម្ពុជាគឺជាប្រទេសសន្តិភាពនិយម ផ្ដល់តម្លៃសំខាន់ទៅលើការដោះស្រាយបញ្ហា ដោយការចរចាសន្តិវិធី និងមិនគាំទ្រដល់ចេតនាទាំងឡាយ ដែលព្យាយាមដុតបញ្ឆេះបញ្ហាបន្ថែមនោះឡើយ។

ជាមួយគ្នានេះដែរ បើពិនិត្យមើលទំនាក់ទំនងទ្វេភាគី កម្ពុជាតែងតែខិតខំព្យាយាមថែរក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ទាំងនៅក្នុងក្របខ័ណ្ឌពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ។ ជាការកត់សម្គាល់ ការប្រកាសមិនចូលរួមសន្និសីទ «សន្តិភាពអ៊ុយក្រែន» ដែលទាត់ចោលវត្តមានរបស់រុស្ស៊ីដែលជាភាគីជម្លោះ ក៏ទំនងជាអាចបញ្ជាក់បានអំពីងាកមកផ្លាស់ប្ដូរឥរិយាបថបន្តិច នៅក្នុងទំនាក់ទំនងកម្ពុជា-រុស្ស៊ី ដោយមេដឹកនាំកម្ពុជាចង់ថ្នមទំនាក់ទំនងជាមួយរុស្ស៊ីវិញ ដោយយោងទៅលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការវិស័យថ្មីៗរវាងប្រទេសទាំងពីរ ស្របពេលដែលប្រទេសកម្ពុជាមានតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន។

ប្រការនេះ ក៏ប្រហែលជាបណ្ដាលមកពីការកត់សម្គាល់របស់ថ្នាក់ដឹកនាំកម្ពុជាចំពោះ ជំហរប្រកបដោយភាពបត់បែននៃបណ្ដាប្រទេសមួយចំនួន ដែលខ្លះជាសម្ព័ន្ធមិត្តអាម៉េរិកនិងបស្ចិមប្រទេសផងនោះ នៅតែបានបន្តការដោះដូរពាណិជ្ជកម្មជាមួយរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍសេដ្ឋកិច្ចខ្លួន ខណៈដែលសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេសបានព្យាយាមទណ្ឌកម្មនានាលើប្រទេសរុស្ស៊ីក៏ដោយក្ដី។

ជារួមស្របទៅនឹងការវិវត្តថ្មីៗនៃសណ្ដាប់ធ្នាប់ពិភពលោក និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន ការបដិសេធមិនចូលរួមនៅក្នុងសន្និសីទ «សន្តិភាពអ៊ុយក្រែន» របស់មេដឹកនាំកម្ពុជា គឺជាយុទ្ធសាស្ត្រការទូតវៃឆ្លាត ដែលកម្ពុជាកំពុងថ្លឹងថ្លែងពិចារណា និងព្យាយាមធ្វើឱ្យតុល្យភាពរវាងទំនាក់ទំនង ជាមួយបស្ចិមប្រទេស និងទំនាក់ទំនងជាមួយនឹងរុស្ស៊ី និងចិន។

ការប្រកាន់ជំហរនយោបាយផ្ទាល់ខ្លួនរបស់កម្ពុជា គឺជាការកំណត់មាគ៌ាដ៏ត្រឹមត្រូវមួយ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច នៅក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពលគ្នាឥតឈប់ឈររបស់មហាអំណាច ដែលជានិច្ចកាល ពួកគេតែងតែព្យាយាមដាក់កម្ពុជាឱ្យស្ថិតនៅក្នុងជម្រើសដ៏ពិបាក ពោលគឺការជ្រើសរើសមហាអំណាចម្ខាង ហើយទាត់ចោលមហាអំណាចម្ខាងទៀត។

ទោះជាយ៉ាងណាក៏ដោយ កម្ពុជាដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម ដែលមហាអំណាចបានសាបព្រោះមនោគមវិជ្ជា និងបែងចែកបក្សសម្ព័ន្ធដើម្បីប្រកួតប្រជែងគ្នា និងធ្លាប់ទទួលបានបទពិសោធន៍នៅក្នុងការដោះស្រាយបញ្ចប់សង្គ្រាមនោះ ពិតជាមិនចង់ឃើញ មានការបែងចែកបក្សសម្ព័ន្ធដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ ព្រោះក្រោយសង្គ្រាម កម្ពុជាធ្លាប់បានរងគ្រោះរួចហើយនូវការហ៊ុមព័ទ្ធនយោបាយនិងសេដ្ឋកិច្ច ពីបណ្ដាប្រទេសដែលនិយមបក្សសម្ព័ន្ធផ្សេងៗគ្នា៕

ដោយ៖ លឹម សុវណ្ណរិទ្ធ និស្សិតថ្នាក់បណ្ឌិត វិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា