(សៀមរាប)៖ អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីជិះកង់ដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ២០២៤ និងបុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី២។
ពិធីនេះដែរ មានការចូលរួមពីលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ, លោក អេង គន្ធា ប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប, លោក ស៊ា សុផល អង្គការមូលនិធិទំពាំងស្នងឫស្សី និងវិស័យឯកជន តំណាងសមាគម ព្រមទាំងក្រុមអ្នកជិះកង់ជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក ស៊ា សុផល បានលើកឡើងថា គោលបំណងនៃការរៀបចំពិធីនេះ គឺដើម្បីបំផុសគំនិតឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងយល់ និងបានស្គាល់ពីសក្កានុពលទេសចរណ៍កីឡាជិះកង់ថ្មីមួយបែបទៀត ក្រៅពីតំបន់អង្គរ។ លោកបន្តថា ចំពោះកម្មវិធីជិះកង់បែបផ្សងព្រេងពីក្រុងសៀមរាប កាត់តាមទំនប់៧៨ បន្តតាមបឹងពារាំង និងឆ្ពោះទៅសហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ក្នុងបំណងបង្កើតកញ្ចប់ទេសចរណ៍ថ្មី និងលើកកម្ពស់សហគមន៍រស់នៅតាមដងទន្លេសាប មានចម្ងាយផ្លូវជាង២០គីឡូម៉ែត្រ និងចំណាយពេលជិះចាប់ពី១ម៉ោងទៅ១ម៉ោងកន្លះ។
លោក ស៊ា សុផល បានបន្តថា កន្លងមកបើនិយាយពីការជិះកង់កម្សាន្ត គ្រប់គ្នាតែងជិះទៅតំបន់អង្គរ ដែលមានរៀបចំជាផ្លូវជិះកង់ និងជាការពេញនិយមសម្រាប់ទេសចរមួយផងដែរ។ លោកបន្តថា សម្រាប់ទេសភាពនៅតាមដងផ្លូវជាប់បឹងទន្លេសាបវិញមានការប្រែប្រួលតាមរដូវកាល ដូចជារដូវទឹកស្រក គឺមានទេសភាពទាក់ទាញជាខ្លាំង មានទាំងជីវចម្រុះ ព្រៃលិចទឹក ចម្ការ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផង ដែលជាទស្សនីយភាពប្លែកភ្នែកម្យ៉ាងពីតំបន់ដទៃ។
លោកបានបន្តទៀតថា ចំពោះអត្ថប្រយោជន៍សំខាន់សម្រាប់ការចូលរួមក្នុងពិធីនេះ គឺបានចូលរួមការពារអភិរក្សធនធានធម្មជាតិ និងការពារតំបន់អភិរក្សជីវចម្រុះ ដូចជាបឹងពារាំង (ក្រុងសៀមរាប) និងបឹងព្រៃក្អែក (កំពង់ភ្លុក) ដែលទីនោះសម្បូរដោយហ្វូងសត្វស្លាប ជាច្រើនចូលទៅពងនារដូវប្រាំង។ ប្រសិនមានសកម្មភាពទេសចរណ៍នៅទីនោះ ក៏កាត់បន្ថយបទល្មើសនេសាទ និងព្រៃលិចមួយផ្នែកផងដែរ។
លោក ស៊ា សុផល រំពឹងថា សកម្មភាពជិះកង់នេះនឹងជួយផ្សព្វផ្សាយពីសក្កានុពលទេចរណ៍ឲ្យតែទូលំទូលាយ។ មែនទែនទៅ កម្មវិធីជិះកង់នេះជាផ្នែកមួយនៃព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៤ និងបុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី២ ដែលរៀបចំឡើងដោយអង្គការមូលនិធិទំពាំងស្នងឫស្សី។
ទន្ទឹមនឹងនេះដែរ កញ្ញា ចែម ស្រីអឿន មកពីវិស័យឯកជន បានលើកឡើងថា យើងពិតជាមានកិត្តិយសណាស់ក្នុងការចូលរួមគាំទ្រពិធីបុណ្យសមុទ្រទឹកសាបលើកទី២នេះ ជាពិសេសសម្រាប់ការចូលរួមចំណែកការពារមរតកធម្មជាតិរបស់ខ្មែរដូចជាបឹងទន្លេសាប។ កញ្ញាប្ដេជ្ញានឹងជួយជំរុញសេដ្ឋកិច្ចបៃតង និងជួយបង្កើនចីរភាពជាមួយសហគមន៍នៅតាមមូលដ្ឋានផងដែរ។ យើងពិតជាមានភាពសប្បាយរីករាយក្នុងការសហការជាមួយដៃគូ ដើម្បីបង្កើនការយល់ដឹងពីការថែរក្សា និងការពារបរិស្ថាន។ យើងអាចរួមគ្នាថែរក្សាបរិស្ថានសម្រាប់អ្នកបន្តវេនជំនាន់ក្រោយបាន។
កញ្ញា ចែម ស្រីអឿន សង្ឃឹមថា ការផ្ដួចផ្ដើមកម្មវិធីនេះនឹងបង្កើនការយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់នៃការបំពុលដោយប្លាស្ទិក និងរួមចំណែកជួយដល់សហគមន៍នៅតាមមូលដ្ឋាន ព្រមទាំងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍បៃតងនេះផងដែរ។
ដោយឡែក លោក ក្អោប រ៉ន បានលើកឡើងថា សង្កាត់ជ្រាវ គឺជាសង្កាត់កសិកម្ម ហើយក៏មានផ្លូវអាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិះកង់កម្សាន្តបានយ៉ាងសប្បាយរីករាយ និងគយគន់ទេសភាពដ៏ស្រស់ស្អាតនៅតាមដងផ្លូវ ជាពិសេស បានមើលពីការប្រកបរបរកសិកម្មរបស់ប្រជាពលរដ្ឋផងដែរ។
លោក ក្អោប រ៉ន សង្ឃឹមថា នៅថ្ងៃខាងមុខសង្កាត់នឹងក្លាយជាសង្កាត់ទេសចរកសិកម្ម និងមានទេសចរជាតិ និងអន្តរជាតិ កម្សាន្តកាន់តែច្រើនថែមទៀត នឹងអាចលើកស្ទួយជីវភាពរបស់ប្រជាកសិករនៅសង្កាត់ជ្រាវ បានមួយកម្រិតផងដែរ។
សូមបញ្ជាក់ថា កម្មវិធីជិះកង់ដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ២០២៤ និងបុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី២នេះ ក៏បានឈប់នៅទីតាំងមួយចំនួន ដើម្បីផ្សព្វផ្សាយពីការអនាម័យបរិស្ថានទៅដល់ប្រជាពលរដ្ឋផង និងបានប្រមូលសំរាមនៅតាមទីតាំងមួយចំនួនផងដែរ៕