(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជួយដល់ប្រជាពលរដ្ឋចំនួន១៧១គ្រួសារ ដែលជួបបញ្ហាគ្រោះធម្មជាតិដោយសារខ្យល់កន្រ្តាក់ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។

ពិធីចែកអំណោយនេះ មានការចូលរួមពីលោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, លោក លោកស្រី ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងប្រតិភូអមដំណើរជាច្រើនអ្នកផងដែរ។

នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិត ឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។  

គួររំលឹកថា គ្រួសារចំនួន ១១៧គ្រួសារនោះ បានជួបគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំស្វាយចេក និងឃុំម៉ឺនជ័យ ស្រុករំដួល (ខូចខាតទាំងស្រុង៩ខ្នង មធ្យម ១៦ខ្នង តិចតួច ១៤៦ខ្នង ) របួសស្រាលមនុស្ស ២នាក់។

អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យម ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង ទឹកស៊ីអ៉ីវ ៦ដប កន្ទេលជ័របត់១ មុង១ សារុង១ ភួយ១ ក្រម៉ា១ ថវិកា៥ម៉ឺនរៀល។ ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងទទួលបានបន្ថែម៖ កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយ សម្លរ ២ ថវិកា២សែនរៀល។ គ្រួសាររងគ្រោះតិចតួចទទួលបានថវិកា ៦ម៉ឺនរៀល សម្រាប់ទិញសម្ភារៈជួសជុលផ្ទះឡើងវិញ និងបានឧបត្ថម្ភ អ្នករបួស ក្នុងម្នាក់ថវិកា ២០ម៉ឺនរៀល។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថមថវិកាផ្ទាល់ខ្លួនបន្ថែមសម្រាប់គ្រួសាររងគ្រោះធ្ងន់ក្នុង ១គ្រួសារ ថវិកា២០ម៉ឺនរៀល គ្រួសាររងគ្រោះមធ្យម ក្នុង ១គ្រួសារ ថវិកា៥ម៉ឺនរៀល៕