(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់ JICA ជួបពិភាក្សាការងារ និងតម្តែងការគួរសម នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងគ្រោងរៀបចំតំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរ ទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី។

បន្ថែមពីនេះ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា តំបន់ឧទ្យានអង្គវត្ត និងដែន ជម្រកសត្វព្រៃ ភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផង។

លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro បានថ្លែងការកោតសរសើរ ស្វាគមន៍ និងគាំទ្រដល់បេក្ខភាពនៃតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមការងារ ដើម្បីសិក្សាលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេងៗទៀត៕