(ភ្នំពេញ)៖ គណៈគ្រប់គ្រងកម្មវិធី App Nodrug នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយជំរុញការប្រើប្រាស់នៅក្នុងកម្មវិធីជួបជុំមួយរបស់បងប្អូនខ្មែរអ៉ីស្លាមនៅវិហារធំ នៅគីឡូម៉ែត្រលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងក្នុងនាមគណៈគ្រប់គ្រង App Nodrug នាឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងជាអនុគណៈកម្មការជំរុញការប្រើប្រាស់កម្មវិធី Nodrug បានជម្រាបជូនថា ក្នុងសេចក្តីអំពាវនាវរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ពីគោលបំណង នៃបង្កើតកម្មវិធីទូរស័ព្ទដៃ NoDrug គឺលើកកម្ពស់ស្មារតីជាតិរួមគ្នាចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេសយុវជន យុវនារី និស្សិត និងសិស្ស ឱ្យទាញយក និងប្រើប្រាស់ឱ្យ បានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug ឱ្យបានគ្រប់គ្នាដើម្បីទទួលបាននូវសារអប់រំ ព័ត៌មានចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ព័ត៌មានពីការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន និងជាពិសេសអាចប្រើប្រាស់ជាមធ្យោបាយរាយការណ៍អំពីករណីការប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀនក្នុងសហគមន៍ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាចឈានទៅបង្ការ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយនិងលុបបំបាត់គ្រឿងញៀនពីសហគមន៍ ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»។

ជាមួយគ្នានេះ ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ប្រធានគណៈគ្រប់គ្រង App Nodrug ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា ដែលបានសម្រួលទីតាំង និងសហការ៕