(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន បានរៀបចំពិធីដាំកូនឈើចំនួន១០០០ដើម តាមសងខាងផ្លូវជាតិលេខ៥ ប្រវែងប្រមាណ១៤គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំត្រពាំង ។

ពិធីនេះរៀបចំធ្វើឡើងនៅបរិវេណខាងមុខផ្សារអ៊ីសុភីបាកាន នៅជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ដោយមានការចូលដោយក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំត្រពាំងជង អាជ្ញាធរស្រុក លោកប្រធានមន្ទីរកសិកម្មខេត្ត យុវជន និងប្រជាពលរដ្ឋសរុបប្រមាណ៤០០នាក់។

ក្នុងឱកាសដឹកនាំយុវជន ប្រជាពលរដ្ឋ និងក្រុមការងារដាំដើមឈើ១០០០ដើមនេះ លោក អ៊ឹង ឌីប៉ូឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្រពាំងជង បានលើឡើងថា ការដាំដើមឈើក្នុងពេលនេះគឺដើម្បី ផ្សារភ្ជាប់ការរស់នៅជាមួយបរិស្ថាន និងដើម្បីសោភ័ណ្ឌភាព ឃុំស្រុកយើង ជាពិសេសគឺដើម្បីអោយយុវជន យល់ច្បាស់អំពី សារៈសំខាន់នៃដើមឈើ ហើយថ្ងៃនេះយើងរួមគ្នាដាំដើមឈើ ដូចនេះយើងក៏ត្រូវរួមគ្នាថែរក្សាដើមឈើ ដែលបានដាំរួចទាំងនោះឱ្យលូតលាស់បបានល្អផងដែរ ។

លោក អ៊ឹង ឌីប៉ូឡា បានបន្តថា លោករដ្ឋមន្ត្រីកែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់បានផ្តួច
ផ្តើមឲ្យមានការដាំដើមឈើតាមដងផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលមានប្រវែងប្រមាណ១០០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្ត កំពង់ឆ្នាំងរហូត ដល់ព្រំប្រទល់ខេត្តបាត់ដំបង និងដាំតាមផ្លូវជាតិសំខាន់ៗផ្សេងទៀតក្នុងខេត្ត ។

ក្នុងនោះដែរលោក ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ក៏បានណែនាំឱ្យក្រុមការងារចុះជួយតាមឃុំដែលនៅជាប់ផ្លូវជាតិលេខ៥ ត្រូវដាំដើមឈើនិងមើលថែរក្សាអោយលូតលាស់បានល្អ ។

លោក អ៊ឹង ឌីប៉ូឡា បានឲ្យដឹងដែរថា ក្រៅការដាំដើមឈើ១០០០ដើម តាមផ្លូវជាតិលេខ៥ ក្រុមការងារចុះជួយឃុំត្រពាំងជងនឹងបន្ត ដាំដើមឈើតាមផ្លូវបំបែកពីផ្លូវជាតិលេខ៥ចុះទៅវត្តពិតត្រង់ និងផ្លូវបំបែកពីផ្លូវជាតិលេខ៥ចុះទៅវត្តបាកាន ។

ជាមួយគ្នានោះលោកបានបំផុសឲ្យប្រជាពលរដ្ឋ ត្រូវធ្វើការដាំដើមឈើតាមផ្ទះរៀងៗខ្លួនឲ្យបានគ្រប់ផ្ទះ ដោយក្រុមការងារគ្រោងនឹងជួយជាកូនឈើសម្រាប់យកទៅដាំ៕