(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះពិនិត្យតាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Royal Railway Cambodia បានដាក់ឱ្យបើកសាកល្បងរថភ្លើងនេះនៅលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដោយត្រូវពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀតបណ្តើរៗតាមដំណាក់កាលនៃការរត់លើផ្លូវដែក ដើម្បីប្រាកដថា មានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។

គួរបញ្ជាក់ថា ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានចុះពិនិត្យរួមគ្នា លើការងារកែតម្រូវកង់ និងប្រព័ន្អហ្វ្រាំងរថភ្លើងដឹកអ្នកដំណើរឱ្យស្របតាមស្តង់ដារផ្លូវដែកកម្ពុជាដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

ចំពោះការដាក់ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន RRC នឹងជម្រាបជូននាពេលបន្ទាប់ ដោយត្រូវបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ ក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h៕