(ភ្នំពេញ)៖ ពិតជាដំណឹងល្អណាស់! សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាប់ចំណាត់ថ្នាក់ទី៨១ ក្នុងចំណោមសាកលវិទ្យាល័យ ដែលមាននវានុវត្តន៍កម្រិតពិភពលោក ចំនួន ៣០០ និងចំណាត់ថ្នាក់តាមប្រភេទគម្រោង ដែលមាននវានុវត្តន៍ល្អជាងគេ១០០ (Top 100) លើគម្រោងចំនួន៣ប្រភេទ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

តាមសេចក្ដីប្រកាសខាងលើនេះ សាកលវិទ្យាល័យជាតិគ្រប់គ្រង បន្ទាប់ពីឆ្លងកាត់រយៈពេល១ឆ្នាំនៃការចូលរួមប្រកួត និងវាយតម្លៃគម្រោងដែលមានកម្រិតនវានុវត្តន៍ខ្ពស់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២៖៣០រសៀល គណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក (The Hanseatic League of Universities) ដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំ នៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក The World University Rankings for Innovation (WURI) បានប្រកាសសាកលវិទ្យាល័យជាតិគ្រប់គ្រងជាប់នូវចំណាត់ថ្នាក់ទី៨១ ក្នុងចំណោមសាកលវិទ្យាល័យ ដែលមាននវានុវត្តន៍កម្រិតពិភពលោក ចំនួន៣០០ (WURI 2024: Global Top 300 Innovative Universities) និង ចំណាត់ថ្នាក់តាមប្រភេទគម្រោងដែលមាន នវានុវត្តន៍ល្អជាងគេ១០០ (Top 100) លើគម្រោងចំនួន៣ប្រភេទ៖

១៖ នវានុវត្តន៍ក្នុងការលើកកម្ពស់ស្ថាប័ន (Innovation in Promotion)៖ ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមគម្រោងល្អជាងគេទាំង ១០០ ផ្តល់ចំណាត់ថ្នាក់
២៖ នវានុវត្តន៍លើកម្មវិធីចល័តនិស្សិត និងការបើកទូលាយ (Student Mobility and Openness)៖ ចំណាត់ថ្នាក់ទី៩ ក្នុងចំណោមគម្រោងល្អជាងគេទាំង ១០០
៣៖ នវានុវត្តន៍លើកម្មវិធីសិក្សាសហគ្រិនភាព (Entrepreneurial Spirit)៖ ចំណាត់ថ្នាក់ទី៣២ ក្នុងចំណោមគម្រោងល្អជាងគេទាំង ១០០។

ការធ្វើចំណាត់ថ្នាក់កម្រិតពិភពលោក WURI នេះ ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក (The Hanseatic League of Universities, HLU) ដែលគណៈកម្មាធិការនេះ មានសមាជិកជាសាកលវិទ្យាធិការក្នុងពិភពលោកចំនួន១០។

គិតមកដល់ឆ្នាំ២០២៤នេះ WURI បានប្រកាសប្រកួតប្រជែង និងផ្ដល់ចំណាត់ថ្នាក់កម្រិតពិភពលោកប្រចាំឆ្នាំចំនួន ០៥លើក ដោយការចូលរួមប្រកួតពីសំណាក់សាកលវិទ្យាល័យជុំវិញពិភពលោក មានការកើនឡើងពីជាង២០០នាឆ្នាំ២០២០ ទៅជាង៤០០នាឆ្នាំ២០២៣។ ដោយឡែកក្នុងឆ្នាំ២០២៤ ដែលជាការចូលរួមលើកទី៤ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួននៃការចូលរួមគឺមានការកើនឡើង គួរឱ្យកត់សំគាល់រហូតដល់ទៅ ១,០៧២សាកលវិទ្យាល័យជុំវិញពិភពលោក។

WURI វាយតម្លៃផ្តល់ចំណាត់ថ្នាក់ដល់ស្ថាប័នកម្រិតឧត្តមសិក្សាក្នុងពិភពលោក ដោយផ្អែកលើការរួមចំណែកពិតប្រាកដ ដល់ស្ថាប័នការងារ និងសង្គម តាមរយៈការអប់រំ ការស្រាវជ្រាវ និងការចូលរួមក្នុងសកម្មភាពសង្គមរបស់ពួកគេ។ ការវាយតម្លៃផ្តល់ចំណាត់ថ្នាក់ មានបីដំណាក់កាល៖ ១) ការវាយតម្លៃពីសំណាក់សាកលវិទ្យាល័យដែលចូលរួមប្រកួត (Peer Evaluation) ២) ការវាយតម្លៃដោយគណៈកម្មការជំនាញ (Export Judgment) និង ៣) ការវាយតម្លៃចុងក្រោយ (Final Review)។

ការចូលរួមប្រកួតប្រជែងនេះ មិនមានតម្រូវឱ្យសាកលវិទ្យាល័យដែលចូលរួមបង់ថវិកាទេ តែសាកលវិទ្យាល័យសាមី ត្រូវមានក្រុមវាយតម្លៃប្រចាំស្ថាប័នរបស់ខ្លួន សម្រាប់រៀបចំឯកសារ និងតាំងបង្ហាញជូនគណ:កម្មការ ដើម្បីដាក់បញ្ចូលសម្រាប់ការវាយតម្លៃរួម ក្នុងចំណោមក្រុមការងាររបស់សាកលវិទ្យាល័យប្រកួត និងត្រូវដាក់ពិនិត្យសម្រេច
ប្រកាសចុងក្រោយដោយគណ:កម្មការជំនាញចម្រុះ៕