(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវអនុសាសន៍កំណែទម្រង់មុតស្រួចចំនួន៥ចំណុច ស្តីពីពលករទេសន្តរប្រវេសន៍ ដើម្បីបង្ហាញពីតម្លាភាព និងប្រសិទ្ធភាពក្នុងការធានាប្រយោជន៍ជាអតិបរមាជូនទេសន្តរប្រវេសករ។

អនុសាសន៍ទាំង៥ចំណុចនេះរួមមាន៖

ទី១៖ ការលុបអាជ្ញាបណ្ណទីភ្នាក់ងារឯកជនដែលមិនមានសកម្មភាព

ទី២៖ មិនអនុញ្ញាតឱ្យទីភ្នាក់ងារឯកជនមានសិទ្ធិបញ្ជូនពលករដោយគ្មានដៃគូនៅប្រទេសទទួលជាដាច់ខាត

ទី៣៖ ក្រសួងនឹងវាយតម្លៃក្រុមហ៊ុនទីភ្នាក់ងារជាប្រចាំឆ្នាំដោយក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានការលើកទឹកចិត្ត។ ដោយឡែកក្រុមហ៊ុនដែលជាប់ចំណាត់មិនល្អ (លេខ៣) នឹងត្រូវផ្សព្វផ្សាយឱ្យមហាជនបានដឹង

ទី៤៖ ការដាក់ឱ្យដំណើការប្រព័ន្ធតាមដានព័ត៌មាន (Tracking System) ដើម្បីឱ្យពលករទាំងអស់អាចតាមដានឯកសារបានដោយខ្លួនឯងព្រោះពលករម្នាក់មានលេខកូដមួយ និង QR Code មួយ ហើយក៏នឹងដឹងអំពីព័ត៌មាននៃក្រុមហ៊ុនបញ្ជូនខ្លួនផងដែរ

និងទី៥៖ ក្រសួងបានសម្រួលជាមួយធនាគារដើម្បីឱ្យពលករទទួលបានកម្ចីក្នុងអត្រាការប្រាក់មិនលើសពី១០% ក្នុងមួយឆ្នាំក្នុងពេលដ៏ខ្លីខាងមុខនេះ៕