(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋចំនួន ៣,៥០០នាក់ មកពីឃុំចំនួន៧ ក្នុងស្រុកកំពង់លែង ទទួលបានការព្យាបាលដោយមិនគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុងអ៊ូលសាន នៃសាធារណៈរដ្ឋកូរ៉េ។ ការព្យាបាលនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៤។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានឱ្យដឹងថា ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋខាងលើនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីលោក យ៉ិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត។

ចំណែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីក្រុងអ៊ូលសាន នៃសាធារណៈរដ្ឋកូរ៉េ និងក្រុមគ្រូពេទ្យសាធារណរដ្ឋកូរ៉េ ចំនួន១៩នាក់ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់អស់ លោក-លោក ស្រី ក្រុមការងាររដ្ឋបាលខេត្ត-ស្រុក អាជ្ញាធរឃុំ កងកម្លាំង យុវជន ស.ស.យ.ក ប្រមាណជា៦០នាក់ យុវជនស្រឡាញ់សន្តិភាព៣០នាក់ និងប្រជាពលរដ្ឋដែលត្រូវមកពិនិត្យជំងឺសរុបទាំង២ថ្ងៃនេះមានចំនួន ៣,៥០០នាក់។

លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាលាក្រុងអ៊ូលសាន នៃសាធារណៈរដ្ឋកូរ៉េ ដោយបានស្ម័គ្រចិត្តអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃរយៈពេល២ថ្ងៃ។

ក្នុងនាមថ្នាក់ដឹកនាំខេត្តជួសមុខឱ្យប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងទាំងមូល លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋកូរ៉េ ដែលបានលះបង់ ពេលវេលា និងថវិកាមកជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនោះ អភិបាលស្រុកកំពង់លែង បានអំពាវនាវប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងទាំងអស់ ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកដទៃទៀត សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសាធារណរដ្ឋកូរ៉េ ដែលសុទ្ធសឹងជាគ្រូពេទ្យដែលមានបទពិសោធន៍ និងមានជំនាញច្បាស់លាស់ក្នុងការពិនិត្យ និងព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមិថុនា លោកស្រី អ៊ុំ ហេយ៉ុង នាយករងទីចាត់ការជំរុញការវិនិយោគ នៃទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ ដែលបានដឹកនាំក្រុមវេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្តសមាគមវេជ្ជសាស្ត្រទីក្រុងអ៊ូលសាន បានអញ្ជើញមកចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកកំពង់លែង ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាជាការងារជាមួយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងទីក្រុងអ៊ូលសាន និងខេត្តកំពង់ឆ្នាំង៕