(មណ្ឌលគិរី)៖ ថ្ងៃនេះខណៈដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្មតាមរថយន្ត ទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តមណ្ឌលគិរី ក៏លេចធ្លាយករណី បទល្មើសឈ្មួញ និងមន្ត្រីនៅក្នុងខេត្តនេះឃុបឃិតគ្នា ប្រុងនាំឈើប្រភេទលេខ ១រាប់ពាន់ម៉ែត្រគូប ចេញតាមស្រុកកោះញែក ទៅប្រទេសវៀតណាម ដែលឈើទាំងអស់នោះ គេស្ដុកទុកចំនួន ៧កន្លែង ជាយូរមកហើយនៅក្នុងទឹកដីកោះញែកក្បែរព្រំដែន។

ប្រភពពីមន្ត្រីនៅខេត្តមណ្ឌលគិរី បានបង្ហើបអោយដឹងថា ក្រោយបែកធ្លាយព័ត៌មានខាងលើ និងមានមន្ត្រីខ្លះអះអាងថាឈើ ទាំងអស់នោះពិតជាមានមែនហើយ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី បានទូរស័ព្ឌទៅកាន់មន្ត្រីសមត្ថកិច្ចជំនាញមួយ ចំនួនអោយសហការគ្នាចុះទៅបង្ក្រាប ស្រាប់តែមានមន្ត្រីខ្លះរៀងអល់អែក ខ្លះឆ្លើយថាចាំសួរគ្នាសិន ហាក់ដូចជាមន្ត្រីទាំងអស់នោះ បានដឹងរឿងបទល្មើសខាងលើពីមុនមកដូច្នោះដែរ និងអាចត្រូវរ៉ូវគ្នាមិនបង្ក្រាបទៀតផង។

លោក​ ឡុង ហុកម៉េង បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកពិតជាបានស្នើទៅ មន្ត្រីជំនាញអោយនាំគ្នា ចុះទៅបង្ក្រាបជាបន្ទាន់មែន តែនៅមិនទាន់ដឹងមានចំណាត់ការ យ៉ាងណានៅឡើយនោះទេ។

សូមបញ្ជាក់ថា តាមព័ត៌មានឈើលេខ១ ជិត ៣០០០ម៉ែត្រគូបនេះ គឺក្រុមឈ្មួញបានលាក់ទុក នៅចំណុចប៉ុស្តិ៍ អូររ៉ូ ក្នុងឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។តាមប្រភពព័ត៌មាន បានឲ្យដឹងមន្ថែមថា ចំពោះឈើខុសច្បាប់ ដ៍ច្រើនសន្ធឹកសន្ធាប់បែបនេះគ្មាន ប្រជាពលរដ្ឋធម្មតាណាជាអ្នករកស៊ីនោះទេ គឺមានតែឈ្មួញគ្រាក់ៗ និងមន្រ្តីខិលខូចមួយចំនួន ឈរជើងនៅទីនោះ មាននគរបាល និងយោធាជាអ្នកឃុបឃិតគ្នាទើប មានបទល្មើសទ្រង់ទ្រាយធំបែបនេះ។

មហាជនទូទាំងខេត្តមណ្ឌលគិរី បានដាក់ការសង្ស័យថា បទល្មើសខ្នាតយក្សនេះកើតឡើង បានមកពីមេឈ្មួញខិលខូច នៅទីនោះបានត្រូវគ្នាជាមួយ មេវរៈនគបាលព្រំដែនលេខ ៣០៣ គឺ លោក ទិន ស៊ីន និងមេវរៈយោធាព្រំដែនលេខ ១០៣ រីឯជំនាញព្រៃឈើវិញអាចមានមន្រ្តី នៃមន្ទីរបរិស្ថាន ឬនាយកដែនជំរកសត្វព្រៃភ្នំ ណាំលៀរឬមន្ត្រី និងឈ្មួញធំៗនៅក្នុងខេត្តឃុបឃិតគ្នា ទើបបទល្មើសមានទំហំធំធេង បែបនេះគ្មានមន្រ្តីណាហ៊ានបង្រ្កាបសោះ។

មហាជនបានសំណូមពរនិងស្នើឲ្យមន្រ្តីអនុវត្តច្បាប់ ខេត្តមណ្ឌលគិរី មេត្តាចាត់វិធានការណ៍ចំពោះរឿងនេះ អោយបាន ធ្ងន់ធ្ងរបំផុតឈានទៅរក អ្នកប្រព្រឹត្តនិងអ្នកបណ្តែតបណ្តោយ អោយកើតមានបទល្មើសយក មកដាក់ទោសទណ្ឌតាមផ្លូវច្បាប់ផង។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃនេះ លោកបានដាក់បទបញ្ជា យ៉ាងតឹងរ៉ឹងបំផុតថា ចំពោះករណី បទល្មើសដែលមានទ្រង់ទ្រាយធំបែបនេះ លោកស្នើឲ្យមន្រ្តីមានសត្ថកិច្ច គ្រប់អង្គភាពជាពិសេសមន្រ្តីជំនាញ មានមន្ទីរបរិស្ថាន មេព្រៃ សូមអញ្ជើញចុះទៅស្រាវជ្រាវ ពិនិត្យនិងរឹបអូសបទល្មើសខាងលើនេះ ជាបន្ទាន់និងធ្វើការស្រាវជ្រាវរកមុខ អ្នកប្រព្រឹត្តនិងអ្នកបណ្តែត បណ្តោយយកមកប្រគល់ឲ្យច្បាប់ចាត់ការឲ្យខាងតែបាន៕