(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនលោកគ្រូ អ្នកគ្រូ និងនិស្សិតចំនួន ៤៤១នាក់ ដែលកំពុងមានជីវភាពខ្វះខាត នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសជួបសំណេះសំណាលខាងលើនេះ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក។

ជាមួយគ្នានេះលោកស្រី បានថ្លែងថា «កាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពមនុស្សធម៌ ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយកាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌»

លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជា បានរៀបចំការកៀរគររកមូលនិធិ ក្នុងឱកាស ខួបទី១៦១ ទិវាភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ កាកបាទក្រហមកម្ពុជា បានលើកប្រធានបទនេះឡើងព្រោះ បច្ចុប្បន្ននេះបញ្ហាសុខភាពរបស់ប្រជាជនកម្ពុជា មានការកើនឡើងជាពិសេសជំងឺមិនឆ្លងទាំង ៤ គឺជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺសសៃឈាមបេះដូង និងជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ។

ជាពិសេសគឺការប្រែប្រួលអាសកាសធាតុ កាកបាទក្រហមកម្ពុជា បានចុះអប់រំផ្សព្វផ្សាយ និងធ្វើសកម្មភាពដាំដើមឈើ ទាំងនៅទីស្នាក់ការកណ្តាល សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងសាខាកាកបាទក្រហមកម្ពុជា ទាំង២៤ខេត្ដ ។ទន្ទឹមនឹងនេះលោកស្រី ពុំ ចន្ទីនី «បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ យ៉ាងហោចណាស់១នាក់ ដាំបាន១ដើម»

សូមជម្រាបថា ក្នុងឱកាសសំណេះសំណាលនេះ កាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយជូនលោកគ្រូ អ្នកគ្រូ និងនិស្សិត ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត១ (សារុង មុង ភួយ និងក្រមា) និងថវិកាមួយចំនួន៕