(ស្វាយរៀង)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន១៦៧ខ្នង ក្នុងឃុំចំនួន២ នៅស្រុករំដួល ខេត្តស្វាយរៀង បានរបើកដំបូល និងរលំដោយសារខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងផ្គររន្ទះ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មានមេឃភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងៗ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៦៧ខ្នង ក្នុងនោះប៉ះពាល់ដល់ សាលាឃុំម៉ឺនជ័យ និងរងរបួសមនុស្សម្នាក់ក្នុងហេតុការណ៍នេះផងដែរ។

ជាមួយនឹងហេតុការណ៍ខ្យល់កន្ត្រាក់ខាងលើនេះ បានរងផលប៉ះពាល់ចំនួន២ឃុំ ក្នុងស្រុករំដួល ទី១ឃុំម៉ឺនជ័យ ចំនួន១៥៨ខ្នង រងផលប៉ះពាល់ស្រាល១៤២ខ្នង មធ្យម៦ខ្នង ធ្ងន់៩ខ្នង សាលាឃុំ១ខ្នង និងទី២ ឃុំស្វាយចេក រងផលប៉ះពាល់ចំនួន៩ខ្នង ស្រាលចំនួន៨ខ្នង ធ្ងន់មួយខ្នង។

បន្ថែមលើសពីនេះលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង តែងតែបានដាស់តឿនក្រើនរំលឹកអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សាចូលមកដល់។ ខណៈមានភ្លៀងត្រូវបិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ និងរកទីទួលមានសុវត្ថិភាព ត្រូវចេះណែនាំកូនចៅកុំឱ្យលេងទីវាលពេលមេឃភ្លៀង ព្រោះអាចគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះផងដែរ៕